Press "Enter" to skip to content

អាមេរិក ៖ ជនជាតិ​ដើម​នៅ​តែ​​បាត់ខ្លួន និង​ធ្វើឃាត

RIPVN | កាល​ពី​ថ្ងៃ​ទី​០៣ ខែ​ម​ករា ឆ្នាំ​២០២២ លោក បប់ ហ្វឺហ្គូស៊ុន (Bob Ferguson) អគ្គរដ្ឋអាជ្ញារដ្ឋ​វ៉ាស៊ីនតោន និង​លោកស្រី​ឌិបប្រា លេកាណុវ (Debra Lekanoff)​ អ្នក​តំណាងរាស្ត្រសភា​រដ្ឋ​វ៉ាស៊ីនតោនបាន​​ចេញ​សេច​ក្តី​ប្រកាស​ជា​សាធារណៈ​រួមគ្នាមួយ ស្ដីអំពី​សំណើបង្កើត​ប្រព័ន្ធ​ផ្សាយ​ដំណឹង​ប្រកាស​ពី​ការ​បាត់​ខ្លួន​ជន​ជាតិ​ដើម​​ដំបូង​គេ​បង្អស់​ក្នុង​រដ្ឋ​មួយ​នេះ ។

ការ​ចេញ​សេចក្តី​ប្រកាស​ថ្មី​មួយ​នេះ គឺ​ជា​ការ​ស្នើ​សុំ​ឲ្យ​បង្កើត​ប្រព័ន្ធ​ផ្សាយ​ដំណឹង​ទូទាំង​រដ្ឋ​វ៉ាស៊ីនតោន​ពី​ហេតុការណ៍ និង​ករណី​បាត់​ខ្លួន​របស់​ស្រ្តី​ជនជាតិ​ដើមក៏​ដូច​ជា​ប្រជាជន​សហរដ្ឋ​អាមេរិក​រស់​នៅ​ក្នុង​រដ្ឋ​នេះ​ផង​ដែរ ។

ប្រព័ន្ធ​ផ្សាយ​ដំណឹង​នេះ​ផង​ដែរ​នឹង​ប្រកាស​ពត៌មាន​លម្អិត​ពី​អ្នក​ដែល​បាន​បាត់​ខ្លួន​តាម​ដង​វិថី​សាធារណៈ  ក្នុង​សារពត៌មាន សេចក្តី​ថ្លែងការណ៍ កាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​តំបន់​ដើម្បី​ជួយ​ដល់​ការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​ទាំង​នោះ ។

នៅ​ចុង​ឆ្នាំ​២០២១ ​ដែល​ទើប​តែ​កន្លង​ទៅ​នេះ ករណី​បាត់​ខ្លួន​ជនជាតិ​ដើម​ជា​ក្មេង​ជំទង់​បាន​កើត​ឡើង​រហូត​ទៅ​ដល់​១១០ ករណី ។

បញ្ហា​ចម្បង​ជាង​នេះ​ទៅ​ទៀត​គឺ​មាន​ករណី​បាត់​ខ្លួន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​គេ​សង្ស័យ​ថា មិន​បាន​រាយការណ៍​ទៅ​កាន់​ប៉ូលីស និង​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ស៊ើប​អង្តេត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ។

ពាក់​ព័ន្ធ​​នឹង​​ការ​​បាត់​ខ្លួន​​របស់​ជនជាតិ​​ដើម ពិសេស​ជន​រង​គ្រោះ​ជា​ស្រ្តី បាន​កើត​មាន​ឡើង​ច្រើន​ជាង​ស្រ្តី​ជនជាតិ​ស្បែក​ស​ដល់​ទៅ​៤​ដង​ឯណោះ ។

អ្នក​ស្រី លូស៊ី ស្មាតឡូវីត (Lucy Smartlowit) ជន​ជាតិ​ដើម​យ៉ាកាម៉ា (Yakama) បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាយ និង​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​ជា​ខ្លាំង ។

ក្នុង​នាម​ជា​សមាជិក​សហគមន៍​ជនជាតិ​ដើម អ្នកស្រី​បាន​ចូល​រួម​បង្ហាញ​ពី​ភាព​ឈឺ​ចាប់​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក៏​ដូច​ជា​ភាព​សោក​សៅ​លើ​សោកនាដកម្ម​នេះ​ជា​សាធារណៈ​ផង​ដែរ  ។

អ្នក​ស្រី​បាន​បន្ថែមថា ករណី​បាត់​ខ្លួន និង​ធ្វើ​ឃាត​លើ​ជនជាតិ​ដើម​មក​ដល់​បច្ចុប្បន្ន​នេះ បាន​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ រហូត​ដល់​ចំណុច​មួយ​ដែល​សហគមន៍​ជនជាតិ​ដើម​មិន​មាន​សមត្ថភាព​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ហើយ​ត្រូវ​តែ​ខំ​ប្រឹង​ស្វះស្វែង​រក​ជំនួយ​ដើម្បី​ការពារ​ជីវិត​ពួក​គេ ។

លោក​អគ្គរដ្ឋអាជ្ញា​រដ្ឋ​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ដែរ​ថា អត្រា​បាត់​ខ្លួន និង​ឃាតកម្ម​លើ​ជនជាតិ​ដើម បាន​ក្លាយ​ជា​វិបត្តិ​មួយ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

លោក​បាន​បង្ហាញ​ពី​ជំហរ​យ៉ាង​រឹង​មាំ​ថា នឹង​ស្វះ​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​ប្រព័ន្ធ​ផ្សាយ​ដំណឹង​ថ្មី​ដែល​នឹង​ដាក់​ដំណើការ​ក្នុង​ពេល​ខាង​មុន​នេះ​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ជួយ​កំណត់​ទី​តាំង​អ្នក​ដែល​បាត់​ខ្លួន​ឲ្យ​បាន​ឆាប់​នឹង​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ពួក​គេ ។

គួរ​រំឭក​ផង​ដែរ​ថា សហគមន៍​ជនជាតិ​ដើម​ប្រមាណ​ជាង ១២ សហគមន៍ស្មើ​នឹង​ប្រមាណ ១៤០​ ៧១៤ នាក់​កំពុង​រស់​នៅ​លើ​ទឹក​ដី​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ។​

តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ អ្នក​តំណាង​សហគមន៍​ជនជាតិ​ដើម​ទាំង​នោះ​ជាង ២៤ នាក់ ​បាន​មក​ប្រជុំ​គ្នា​លើក​ដំបូង​ជាមួយ ក្រុម​ការពារ​ស្ត្រី​ជនជាតិ​ដើម​នៅ​វ៉ាស៊ីន​តោន​ពី​ការ​បាត់​ខ្លួន និង​ឃាដកម្ម ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​សហគមន៍​ពួក​គេ និង​ទាម​ទារ​ការ​ធ្វើ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ។ 

ប៉ុន្តែ ករណី​បាត់ខ្លួន និង​ធ្វើ​ឃាត​មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់ និង​​មូល​ហេតុ ហើយ​បាន​ចំណាយ​ពេល​សើប​អង្កេត​អស់​ជា​ច្រើន​ឆ្នាំ តែ​មិន​មាន​ការ​វិវត្តន៍​ទៅ​មុខ​ទាល់​តែ​សោះ ។