Press "Enter" to skip to content

អាមេរិក​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ទិវា​ជនជាតិដើម​ឆ្នាំ​២០២១

RIPVN | នា​ថ្ងៃ​ទី​០៨​ ខែ​តុលា ឆ្នាំ​២០២១ លោក​ Joe Biden បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​ចេញ ​សេចក្តី​ប្រកាស​ស្តី​ពី​ទិវា​ជនជាតិ​ដើម​ឆ្នាំ​២០២១ ដើម្បី​សំដែង​សេចក្តី​គោរព​ដល់​​ជនជាតិ​ដើម​ដែល​បាន​លះបង់ និង​ចូលរួម​ចំណែក​ដល់​ការ​ថែរក្សា​វប្បធម៌​ និង​ការពារ​ទឹកដី​សហរដ្ឋអាមេរិក។

ទិវា​ជនជាតិដើម​ឆ្នាំ២០២១ នេះ​ ត្រូវ​បាន​សម្រេច​ឲ្យមានឡើង​ដើម្បី​ជំនួស​ «ទិវា​កូឡុំប៊ូស» ដែល​រំឭក​ដល់ថ្ងៃ​ដែល​លោក Christopher Columbus អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេងបាន​ឈាន​ជើង​ដល់​ទឹកដី​ទ្វីប​អាមេរិក ហើយ​ចាប់ផ្ដើម​ការធ្វើ​អាណានិគម​របស់​ជនជាតិ​ស្បែក​ស​នៅ​ទ្វីប​ថ្មីនេះ។  

ទីក្រុង​ក្នុង​សហរដ្ឋអាមេរិក​ ប្រមាណជាង ១០០ បាន​សម្រេចជំនួសទិវាកូឡំប៊ូស ដោយ​ទិវាជនជាតិដើម​វិញ ដើម្បី​រំឭក​​ដល់​​​វិញ្ញាណក្ខណ្ឌ​ជនជាតិ​ដើម​ដែល​បាន​ស្លាប់​ និង​បាត់បង់​ទឹកដី​ក្រោយពេល​លោក Christopher Columbus​ និង​អ្នក​ស្រាវជ្រាវ​អឺរ៉ុប​បាន​មក​ដល់​ទ្វីប​អាមេរិក​នា​ពាក់កណ្ដាលសតវត្សរ៍​ទី​១៦។ 

ទន្ទឹម​នឹង​នោះ លោក​ប្រធានាធិបតីអាមេរិក​បាន​ថ្លែង​អំណរ​គុណ​ដល់​ជនជាតិ​ដើម​ដែល​បម្រើការងារក្នុង​សេវា​សាធារណៈ សហគ្រិន​ភាព និង​សិល្បៈ ជាពិសេស​វត្តមាន​របស់​ជនជាតិ​ដើម​នៅ​ក្នុង​ជួរ​កងទ័ព​អាមេរិកដែល​ ការពារ​សន្តិសុខ​នៃ​ប្រជាជាតិ​ទាំង​មូល​។

លោក​ Joe Biden ​ក៏​បាន​បញ្ជាក់​យ៉ាងច្បាស់​ពី​ជំហរ​គាំទ្រ​ដើម្បី​អភិវឌ្ឍ​អនាគត​ និង​ភាព​ស្មើគ្នា​សម្រាប់​ជនជាតិ​ដើម​ដោយ​ស្រប​ទៅ​តាម​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើមទាំង​អស់​ផង​ដែរ។

គួរ​បន្ថែមផង​ថា បណ្ដាកុលសម្ព័ន្ធ​អាមេរិក (ជនជាតិអាំងឌាំង ឬ ជនជាតិ​ស្បែកក្រហម) ជនជាតិ​ដើម​នៅ​អាឡាស្កា ជនជាតិដើម​នៅ​បណ្ដាកោះហាវ៉ៃអ៊ី បាន​បង្កើតរចនាសម្ព័ន្ធជា​សហគមន៍​ដែល​មាន​វប្បធម៌​រស់​រវើក និង​សម្បូរ​បែប​ ដែលចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​ទឹកដី​ លើក​តម្កើង​វប្បធម៌​ ភាសា​​ ស្មារតី និង​ប្រពៃណី​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

រួម​ជាមួយ​គ្នា​នេះ​ សហគមន៍ជនជាតិដើម​មាន​អធិបតេយ្យ​ភាព​ផ្ទាល់​ខ្លួន​ ហើយ​ក៏​ជា​ដៃគូយ៉ាងសកម្ម​ និង​ជា​ទី​ទុកចិត្ត​របស់​រដ្ឋាភិបាលសហព័ន្ធ​ផងដែរ។