Press "Enter" to skip to content

អ.ស.ប.ជ ស្នើប្រទេសទាំងអស់យក​ចិត្ត​ទុក​ដាក់​លើ​ជនជាតិ​ដើម​កំឡុង​ពេល​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩

RIPVN | អ្នកស្រី Anne Nuorgam ​ប្រធាន​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជនជាតិ​ដើមនៃអង្គការសហប្រជាតិ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជាសមាជិកនិងសហគមន៍​អន្តរជាតិរាប់​បញ្ចូល​ជនជាតិ​ដើមនិងតម្រូវការ​ចាំបាច់​របស់​ពួកគេ​ជា​អាទិភាព​ដើម្បីទប់ស្កាត់​ការ​រាតត្បាត​សាកលនៃជំងឺ​កូវីដ-១៩។

ជំងឺរាតត្បាតកូវីដ-១៩ បង្ករការគំរាមកំហែងយ៉ាងខ្លាំងលើជនជាតិដើមក្នុងសាកលលោក ។


សហគមន៍ជនជាតិដើមតែងជួបប្រទះកង្វះខាតសេវាថែទាំសុខភាព ​មានអាត្រាចម្លង​ជំងឺឆ្លងខ្ពស់ កង្វះអនាម័យ និងកង្វះវិធីការពារដូចជា ទឹកស្អាត សាប៑ូ និងថ្នាំសម្លាប់មេរោគផ្សេង ៗ ។ មណ្ឌលថែទាំសុខភាព​នៅ​ក្នុង​តំបន់​ជនជាតិ​ដើម​ ភាគច្រើន​មិន​បាន​បំពាក់ឧបករណ៍ពេទ្យ​ត្រឹមត្រូវ​ ហើយ​បុគ្គលិក​បម្រើ​សេវា​សុខភាពក៏មាន​​មិន​គ្រប់គ្រាន់ដែរ ។

ទោះបី​​បានទទួល​​សេវា​ថែទាំសុខភាព​មួយ​ចំនួន​ក៏ពិតមែន ជនជាតិ​ដើម​ជា​ច្រើន​ក្រុម​នៅ​តែ​ប្រឈមមុខ​នឹង​ការ​មាក់ងាយ និង​រើសអើង​ពី​ជនជាតិ​ដទៃ ។


ភាគច្រើន​ជនជាតិ​ដើម​មាន​ប្រព័ន្ធ​ការពារ​ជំងឺ​ខ្លាំង និង​ធាតុស៊ាំល្អ​ ដោយសារតែ​ការ​រស់​នៅ​តាម​បែប​ប្រពៃណី ប៉ុន្តែ​ការ​រស់​នៅ​តាម​បែបបុរាណ​​នេះ​ក៏​ជា​ប្រភព​ចម្លង​មេរោគ​កាចសាហាវផង​ដែរ ដូច​ជា​ការ​ជួបជុំ​ដើម្បី​ប្រារឰពិធីបុណ្យ​នានា ឬ​មាន​ជនជាតិ​ដើម​ខ្លះ​​ទម្លាប់រស់នៅ​ច្រើន​ជំនាន់​ក្នុង​ផ្ទះតែមួយ ធ្វើ​ឲ្យ​ផ្ទះ​ណែនចង្អៀត និង​ខ្វះ​អនាម័យ ។

ខណៈពេល​ដែល​ចំនួន​អ្នក​ឆ្លងជំងឺកូវីដ-១៩ និង​អ្នក​ស្លាប់ លើ​ពិភពលោក​ចេះ​តែ​កើន​ឡើង គេ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​អំពី​ការ​រាតត្បាត​ជំងឺ​នេះ​ក្នុង​សហគមន៍​ជនជាតិ​ដើមឡើយ នេះបញ្ជាក់ឲ្យ​ឃើញ​ថា សហគមន៍​ជនជាតិ​ដើម​នៅ​មិន​ទាន់​បាន​រដ្ឋាភិបាល​​​នៃ​ប្រទេស​នានា​ចាប់​អារម្មណ៍​ទេ​​ ហើយ​សូម្បី​តែ​ព័ត៌មាន​ស្ដី​អំពី​ជំងឺ​ ព្រម​ទាំង​វិធានការ​ទប់ស្កាត់​ក៏​មិន​ទាន់​បាន​បកប្រែជា​ភាសា​សម្រាប់​អប់រំ​ជនជាតិ​ដើម​ឡើយ ។

ប្រាកដណាស់ ជនជាតិដើមតែងប្រឈមទៅនឹងបញ្ហាវិសមភាពក្នុងសេដ្ឋកិច្ចសង្គម​ និងសេវាសុខភាពសាធារណៈ ក្នុងគ្រាអាសន្ ន ។

ក្នុង​របត់​នៃ​ការ​រីករាលដាល​ជំងឺកូវីដ-១៩ នេះ ជនជាតិ​ដើម​កាន់​តែ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​ពីមុនទៅទៀត ដោយសារតែ​ការ​ខ្វះខាត​ប្រព័ន្ធគ្រប់គ្រង និង​បង្កាគ្រោះថ្នាក់ រួមទាំង​សេវា​ថែទាំសុខភាពបាន​ត្រឹមត្រូវ។ បច្ចុប្បន្ន​នេះ ជនជាតិ​ដើម​ក៏​កំពុងរក​ដំណោះស្រាយ​ចំពោះ​ជំងឺ​រាតត្បាត​កូវីដ-១៩ តាមរយៈការ​ប្រើប្រាស់​ចំណេះដឹងពីបុរាណ ដូច​ជា​ការ​ដាក់ឲ្យ​នៅ​ដោយឡែក បិទខ្ទប់​ភូមិឋាន​ជាដើម ។