Press "Enter" to skip to content

ចង់ឲ្យសត្វព្រៃមិនផុតពូជ ត្រូវការពារដែនដីជនជាតិដើម

RIPVN | ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យឃ្វីនស្លេន (University of Queensland) អង្គការសង្គមអភិរក្សសត្វព្រៃ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត នៅ ប្រទេសអូស្ត្រាលី បានធ្វើ​ការ​សឹក្សា​ដំបូង​ ហើយ​បាន​រកឃើញថាទឹកដីរបស់ជនជាតិដើម មានសារសំខាន់សម្រាប់ការរស់រានរបស់សត្វព្រៃរាប់ពាន់ប្រភេទ ដែលរងការគម្រាមកំហែង និង ជិតផុតពូជ ។

ក្រុមការងារអន្តរស្ថាប័នខាង​លើ បានប្រើប្រាស់ផែនទីរបស់អង្គការ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (International Union for Conservation of Nature) ដែលមានទិន្នន័យថនិកសត្វ ៤៤៦០ ប្រភេទ ហើយក្នុងចំណោមថនិកសត្វ ៤៤៦០ ប្រភេទនោះ មាន ១០ ភាគរយដែលរស់នៅតំបន់ដែនដីរបស់ជនជាតិដើម ។

ការសិក្សានេះបាន​គូសបញ្ជាក់ថាជនជាតិដើម និង ដែនដីរបស់ពួកគេមានសារៈសំខាន់ណាស់ សម្រាប់និរន្តរភាពយូរអង្វែងនៃជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ីលើ​ភពផែនដី ។

ទឹកដីរបស់​ជនជាតិដើមគ្របដណ្តប់លើផ្ទៃដីមួយភាគបួននៃផ្ទៃផែនដី ដែលវាសមាមាត្រដ៏សំខាន់មួយដែលមិនទាន់រងផលប៉ះពាល់ពីកម្មភាពរបស់មនុស្ស កម្រិតឧស្សាហកម្មនោះទេ ។

យើងត្រូវតែទទួលស្គាល់ថា ធាតុផ្សំដ៏សំខាន់មួយដើម្បីបញ្ឈប់ការបាត់បង់សត្វព្រៃ និងប្រព័ន្ធជីវចម្រុះ គឺជាការទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិ និងទំនាក់ទំនងរបស់ជនជាតិដើមជាមួយដែនដីរបស់ពួកគេ ។

អង្គការសង្គម​ដែល​ទទួល​បន្ទុក​អភិរក្សសត្វព្រៃបានធ្វើការជាមួយជនជាតិដើម និងសហគមន៍មូលដ្ឋាននៅទូទាំងពិភពលោក ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នា សម្រាប់សុវត្ថិភាព និងភាពប្រែប្រួលនាពេលអនាគត ដែលសត្វព្រៃនៅតែមានវត្តមាន លូតលាស់ និងធ្វើជាចំណែក​មួយនៃធម្មជាតិដែលយើងគ្រប់គ្នាត្រូវការ  ។