Press "Enter" to skip to content

ក្រុមយោធាហ្វីលីពីនត្រូវបានចោទថាប្រើអំពើហិង្សាលើជនជាតិដើម

RIPVN | ក្រុមយោធាហ្វីលីពីនត្រូវបានគេចោទប្រកាន់ថាបានឃាត់ខ្លួនជនជាតិដើមចំនួន ៣ នាក់ ហើយប្រើអំពើហិង្សាទៅលើពួកគេ និងបង្ខំជនជាតិដើមម្នាក់ឲ្យស៊ីលាមកមនុស្សទៀត​ផង ។

យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២១ ខែសីហា នៅខេត្តហ្សាំបាលេស (Zambales) ភាគពាយព្យនៃទីក្រុងម៉ានីល បន្ទាប់ពីយោធាហ្វីលីពីនចាប់ផ្ដើបប្រតិបត្តិការប្រឆាំងនឹងកងទ័ពកុម្មុយនិស្តឧទ្ទាមថ្មី នៅតំបន់ដែលសំបូរទៅដោយជនជាតិដើមអាអេតា (Aeta) ។

ក្រៅពីការប្រើអំពើហិង្សា យោធាហ្វីលីពីនក៏ត្រូវបានអង្គការ​ក្រៅរដ្ឋាភិបាល​លំដាប់​អន្តរាជាតិ​មួយ​នេះ ចោទថា បានបំផ្ទុះគ្រាប់បែកនៅដែនសហគមន៍ជនជាតិដើម អំឡុងពេលបំពេញប្រតិបត្តិការរបស់ពួកគេ ។ គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលហ្វីលីពីន បាន​និយាយថា ពួកគេនឹងបើកការស៊ើបអង្កេតទៅលើការចោទប្រកាន់នេះ ។

យោធាហ្វីលីពីនបានបដិសេធលើការចោទប្រកាន់ទាំងអស់​នេះ ដោយនិយាយថា ប្រតិបត្តិការរបស់ខ្លួនរួមទាំងការបំផ្ទុះគ្រាប់បែក បានធ្វើឡើងដើម្បីប្រឆាំងនឹងកម្លាំង​ឧទ្ទាម​តែប៉ុណ្ណោះ មិនបានប៉ះពាល់ដល់សហគមន៍ជនជាតិដើម អាអេតា នោះទេ ។

តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស កងកម្លាំងរក្សាសន្តិសុខហ្វីលីពីន ធ្លាប់មានប្រវត្តិរំលោភបំពានលើសហគមន៍ជនជាតិដើមនៅទូទាំងប្រទេសជាយូរមកហើយ ។

ហើយ​ឆ្នាំចុងក្រោយនេះ កងកម្លាំងយោធា និងកងការពារបានបំផ្ទុះគ្រាប់បែកលើតំបន់ជនជាតិដើម បំផ្លាញសាលារៀនជនជាតិដើម និងសម្លាប់គ្រូបង្រៀន ហើយយាយីមេដឹកនាំជនជាតិដើម ដែលមាន​មតិ​ប្រឆាំងនឹងរដ្ឋាភិបាល ដោយចោទប្រកាន់ពួកគេថាជាពួកកុម្មុយនិស្តឧទ្ទាម​ និងបានសម្លាប់សកម្មជនជនជាតិដើមដែលប្រឆាំងនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនរុករករ៉ែ និងឧស្សាហកម្មនិស្សារណកម្មផ្សេងទៀត។