Press "Enter" to skip to content

កាណាដា​បង្កើតការិយាល័យ​បង្រៀន​វិជ្ជាជីវៈជនជាតិ​ដើម

RIPVN | ថ្មីៗ​នេះ រដ្ឋបាល​ខេត្ត​ ញូផោនលែន អែន ឡាប្រាដ័រ (Newfoundland & Labrador) ប្រទេសកាណាដា បាន​បង្កើត​ការិយាល័យ​មួយ​នៅ​ក្នុង​តំបន់ ហេភី វ៉ាលៃ ហ្គូស៍ បេ  (Happy Valley-Goose Bay) ដើម្បី​​ (សម្រាប់) បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈជូន​ជនជាតិ​ដើម និង ប្រជាជន​​នៅភូមិភាគ​ខាង​ជើង ឬជាភាសាអង់គ្លេសហៅថា «Labrador Office for Indigenous and Northern Skilled Trades» ។

ការិយាល័យ​ «Labrador Office for Indigenous and Northern Skilled Trades» ដឹកនាំដោយអង្គការ Trades NL នឹងធ្វើការជាមួយក្រុមជនជាតិដើមផ្សេងៗគ្នានៅក្នុងខេត្ត មួយនេះ ដើម្បីលើកស្ទួយ និងបង្ហាត់បង្រៀន ជំនាញ​វិជ្ជាជីវៈ ដល់សិក្ខាកាម ជាជនជាតិ​ដើម និង​ប្រជាជន​នៅ​ភាគខាង​ជើង​ប្រទេស​កាណាដា ។

លោក ដារីន ឃិញ (Darin King) នាយកប្រតិបត្តិអង្គការ Trades NL បាននិយាយថា «ពួកលោកបានធ្វើការលើគម្រោងនេះអស់រយៈប៉ុន្មានឆ្នាំមកហើយ ហើយសង្ឃឹមថាវានឹងអាចដោះស្រាយបញ្ហាមួយចំនួនដែលជនជាតិដើម​នៅ​ក្នុង​តំបន់បានជួបប្រទះ» ។ បញ្ជាក់ផងដែរថា អង្គការ Trades NL ជាស្ថានប័នតំណាងឲ្យក្រុមសហជីពចំនួន ១៦ ដែលមានសមាជិកជាង ១៥០០០ នាក់ ក្នុងវិស័យសំណង់នៅ ឡាប្រាដ័រ ។

លោក ឃិញ បានបន្តថា «គោលបំណងរបស់គម្រោងនេះគឺ ដើម្បីលើកស្ទួយជំនាញវិជ្ជាជីវៈ ស្វែងរកអ្នកដែលមានជំនាញស្រាប់ តែមិនទាន់មានវិជ្ជាជីវៈច្បាស់លាស់ក្នុងចំណោមជនជាតិដើមទាំងនោះ ហើយគាំទ្រពួកគេដោយជួយរកការងារ និងរៀបចំការប្រឡងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ពួកគេ» ។

លោក ភោល រីច្ឆ (Paul Rich) អតីតប្រធានរបស់បំរុងសហព័ន្ធ Sheshatshiu និងជាអតីតនាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Innu Development Limited Partnership គឺជាប្រធានគ្រប់គ្រងនៃការិយាល័យថ្មីនៅ ឡាប្រាដ័រ នេះ ។

លោក ភោល រីច្ឆ បានលើកឡើងថា ៖ «ជំនាញការងារនៅទីនេះ ភាគច្រើនពាក់ព័ន្ធនឹងវិស័យសំណង់ ហើយវាពិតជាសំខាន់ខ្លាំងណាស់ដែលមានក្រុមសហជីពធ្វើការជាមួយនឹងជនជាតិដើម ព្រោះវាអាចជួយអ្នកដែលមកម៉ៅការគម្រោងផ្សេងៗនៅទីនេះ យល់ច្បាស់ពីសារសំខាន់នៃការចូលរួមរបស់ជនជាតិដើម ហើយគ្រប់ភាគីទាំងអស់អាចទទួលបានផលប្រយោជន៍ស្មើៗគ្នា ។

មានពលករជំនាញជាច្រើនដែលគេបានជួលមកពីតំបន់ផ្សេងដើម្បីបំពេញតម្រូវការក្នុងគម្រោងធំៗដូចជា គម្រោងវារីអគ្គិសនី Muskrat Falls ។ ពលករជំនាញជនជាតិដើមជាច្រើននៅ ឡាប្រាដ័រ មិនមានឱកាសបានធ្វើការក្នុងគម្រោងធំៗទាំងនោះទេ ដោយសារតែហេតុផលមួយចំនួន ។ ទោះជាយ៉ាងណា លោក រីច្ឆ ថាពួកលោកមានគម្រោងសម្រាប់ផ្លាស់ប្ដូររូបភាពទាំងនេះនាពេលអនាគត ។

«វាមិនសមហេតុផលទាល់តែសោះ ដោយការជួលមនុស្សមកពីតំបន់ផ្សេងជាច្រើនអ្នក ប៉ុន្តែជួលប្រជាជនមូលដ្ឋានតែ ២ ឬ ៣ នាក់មកធ្វើការ» លោក រីច្ឆ បន្ត ។ «ដូច្នេះពួកយើងកំពុងធ្វើការដើម្បីផ្លាស់ប្តូររឿងនេះ» ។