Press "Enter" to skip to content

ការជីករ៉ែខុសច្បាប់នៅអាម៉ាហ្សូន​កំពុង​បំផ្លាញ​ធម្មជាតិ និង ចម្លង​ជំងឺ កូវីដ១៩ ទៅ​ជនជាតិដើម​នៅប្រេស៊ីល

ប្រទេសប្រេស៊ីល ៖ ជំងឺកាចសាហាវកូវីដ១៩ បាន​សម្លាប់មនុស្ស​ ១១៣ ពាន់​​នាក់នៅប្រទេស​ប្រេស៊ីល ។ ទន្នឹមនឹងនេះ ពួក​អ្នក​រុករករ៉ែខុសច្បាប់​បានទន្ទាន​ចូល​ក្នុង​ទឹកដី​របស់​ពួកជនជាតិដើម​កាន់​តែ​ជ្រៅទៅៗ ។ សកម្មភាព​នេះ មិន​ត្រឹមតែធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​តែប៉ុណ្ណោះទេ វា​ថែមទាំងនាំ​យក​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍​ជនជាតិ​ដើម​ទៀត​ផង ។

ពួកអ្នករុករក​រ៉ែ​ខុស​ច្បាប់​​ជា​ភ្នាក់ងារ​ចម្លង​​ជំងឺកូវីដ ១៩ ទៅកាន់សហគមន៍​ជនជាតិដើម ។ យោងតាមការបញ្ជាក់របស់អង្គការ ទស្សនៈជនជាតិដើមប្រេស៊ីល (Articulation of Indigenous Peoples of Brazil) គិត​ដល់ថ្ងៃទី២៩ ខែមិថុនា មានជនជាតិដើមប្រមាណ ៩២៩៤ នាក់ ត្រូវបានរកឃើញថាមានផ្ទុះវីរុសកូវីដ ១៩ និង មាន​យ៉ាង​ហោច ៣៨៣ នាក់ បានស្លាប់ ។ 

ការជីកយករ៉ែលើដែនដីជនជាតិដើម Munduruk នៅព្រៃ​អាម៉ាហ្សូន ។ (Credit: Greanpeace)

អង្គការ ហ្គ្រីនភីស៍ប្រេស៊ីល  (Greenpeace) បានដាក់ពាក្យបណ្ដឹងតវ៉ាលើសកម្មភាពជីកយករ៉ែខុសច្បាប់លើទឹកដីជនជាតិដើម Munduruku នៅរដ្ឋ Pará ។ គេក៏បានរកឃើញការដ្ឋានជីកយករ៉ែថ្មីដែលមានគ្រឿងចក្រកំពុងជីកឈូសឆាយផងដែរនៅលើទឹកដីរបស់ជនជាតិដើម Sai Cinza ។

មិនត្រឹមតែប៉ុណ្ណោះ មានដែនដីរបស់ជនជាតិដើមផ្សេងៗ ទៀត​នៅ​ក្នុង​តំបន់​អាម៉ាហ្សូន ក៏រងការលុកលុយពីពួករុករករ៉ែខុសច្បាប់ផងដែរ ដូចដែនដីរបស់ជនជាតិដើម Yanomami ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់ធម្មជាតិ ជីវភាពរស់នៅ និងសុខភាពរបស់ជនជាតិដើមនៅទីនោះយ៉ាងធ្ងន់ធ្ងរ ។

ការជីកយករ៉ែលើដែនដីជនជាតិដើម Yanomami ប្រទេសប្រស៊ីល ។ (Credit: Greanpeace)

រដ្ឋាភិបាលប្រស៊ីល ចាំបាច់ត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារជនជាតិដើមដែលស្ថិតនៅក្រោមការគម្រាមកំហែងឥតឈប់ឈរពីសំណាក់អ្នកកាប់ឈើ អ្នករុករករ៉ែ និងអ្នកប្លន់យកដីធ្លី ដែលធ្លាប់កើតមានមុនការ​ផ្ទុះជំងឺឆ្លងប្រភេទថ្មីនេះទៅទៀត បើមិនដូច្នោះទេ មិនត្រឹមតែព្រៃឈើ​នៅអាម៉ាហ្សូន​ត្រូវ​បាន​បំផ្លាញ ហើយ​ជនជាតិ​ដើម​រាប់ពាន់​ជាតិសាសន៍​ក្នុង​ព្រៃដ៏​ធំ​មួយ​នេះ​ ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​ផុតពូជ​ផងដែរ ។

ប្រភព ៖ greenpeace.org