
RIPVN | អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា ជនជាតិដើមនៅតំបន់អាស៊ី កំពុងប្រឈមមុខនឹងការផ្លាស់ទីលំនៅ បរិស្ថានរបស់ពួកគេត្រូវបានបំផ្លាញ និងការកើនឡើងនូវភាពក្រីក្រ ដោយសារការរំលោភយកដីធ្លី ។
«ការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ធំៗដូចជា ទំនប់វារីអគ្គិសនី ការជីកយករ៉ែ និងការកាប់បំផ្លាញព្រៃឈើ បានបង្កការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បណ្ដាលឲ្យជនជាតិដើមបាត់បង់ទឹកដី និងធនធានរបស់ពួកគេ» នេះជាប្រសាសន៍របស់ លោក Francisco Cali-Tzay អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម យោងទៅតាមការពិគ្រោះយោបល់ក្នុងតំបន់មួយ បានរៀបចំដោយអ្នកកាន់តំណែងរបស់លោកពីអាណត្តិមុន ដែលប្រារពឡើងនៅទីក្រុងបាងកក ។
បញ្ហានេះនឹងត្រូវបង្ហាញទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅខែកញ្ញា នេះបើតាមការចេញផ្សាយរបស់ស្ថាប័នអង្គការសហប្រជាជាតិមួយនេះពីទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ៨ ខែកញ្ញា កន្លងទៅនេះ ។
រដ្ឋនានាត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់អំពើហិង្សា និងបទឧក្រិដ្ឋមកលើជនជាតិដើម ដែលកើតឡើងដោយសារការប្រើប្រាស់សិទ្ធិ និងការការពារដែនដីរបស់ពួកគេ ។ ការពង្រឹងបទបញ្ញត្តិរបស់ក្រុមហ៊ុនឯកជនគឺជាការចាំបាច់ ។
នៅទូទាំងតំបន់ ជនជាតិដើម ជាពិសេសស្ត្រី និងជនពិការ នៅតែបន្តទទួលការរើសអើង នេះបើតាមអ្នករាយការណ៍ពិសេសរូបនេះ ។
ដើម្បីបំពេញនូវការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ដែលមិនទុកឲ្យនរណាម្នាក់នៅពីក្រោយ (Leave no one behind) រដ្ឋត្រូវមានកាតព្វកិច្ចចំពោះជនជាតិដើម ត្រូវដាក់ជាអាទិភាពហើយឆ្លុះបញ្ចាំងនៅក្នុងវិធានការគោលនយោបាយ និងការបែងចែកធនធានឲ្យបានត្រឹមត្រូវ ។
លោក លោក Francisco ជឿជាក់ថា ៖ «ការលើកកម្ពស់សិទ្ធិរបស់ជនជាតិដើម និងទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ គឺជាគន្លឹះដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ» ។