Press "Enter" to skip to content

ឧទ្យានជាតិក្លាយជាបេតិកភណ្ឌ​ពិភពលោក រដ្ឋាភិបាលថៃសប្បាយចិត្ត ជនជាតិ​ដើម​ភ័យព្រួយ

RIPVN | កាលពី​ខែ​កក្កដា ឆ្នាំ២០២១ ឧទ្យានជាតិ​កែងក្រចាន​ របស់​​ថៃត្រូវ​បាន​អង្គការ​យូណេស្កូ ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នេះ​ពិត​ជា​ដំណឹង​ដ៏ល្អ​សម្រាប់​ប្រទេស​ថៃ និង​រដ្ឋាភិបាល​ក្រុង​បាងកក ប៉ុន្តែ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​វិញ នេះ​ជា​ដំណឹង​គួរ​ឲ្យ​ភ័យ​ព្រួយ​ព្រោះ​ថាពួក​គេ​ប្រាកដ​ជា​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ទឹកដី​ដូនតា និង​ត្រូវ​ផ្លាស់ប្តូរការរស់នៅ​ដោយសារតែ​វត្តមាន​របស់​ភ្ញៀវ​ទេសចរណ៍មកកម្សាន្ត ។

ឧទ្យានជាតិ​កែងក្រចានស្ថិត​ក្នុង​ខេត្ត​ពេជ្របុរីជាប់​ព្រំដែន​នឹង​ភូមា ជា​ឧទ្យានជាតិ​​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ ដោយ​មាន​ផ្ទៃដី​សរុប​ប្រមាណ ២ ៩០០ គីឡូម៉ែត្រការ៉េ ។ 

តំបន់​មួយ​នេះ​សម្បូណ៌​​ទៅ​ដោយ​សត្វ​ព្រៃ និង​ព្រៃឈើ​ធំ​ៗ ដែល​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​កម្រ ហើយទី​នេះ​ក៏​ជា​ទី​ជម្រក​របស់​សហគមន៍​ជនជាតិ​ដើមការ៉ែន ប្រមាណ៣០សហគមន៍ផងដែរ ។

ជនជាតិ​ដើម​ការ៉ែន​មាន​ទឹកដី​ដូនតា​គ្រប​សន្ធឹងលើ​ដែនដី​ប្រទេស​ភូមា និង​ថៃ ចំពោះ​តំបន់​ឧទ្យានជាតិកែងក្រចាននេះ ពួក​គេបាន​អះអាង​ថា​ជា​ង​ពាក់កណ្ដាល​នៃដី​ព្រៃ​នៅទីនោះ​គឺ​ជា​ដី​កម្មសិទ្ធិ​ដូនតា​របស់​ខ្លួន ។ 

ប៉ុន្តែ នៅក្នុង​ឆ្នាំ១៩៨១ រាជរដ្ឋាភិបាល​ថៃ​បាន​ដាក់​តំបន់​ព្រៃភ្នំ​នេះ​ឲ្យ​ក្លាយ​ជា​ឧទ្យាន​ជាតិក្រោម​ច្បាប់​ការពារ​ព្រៃឈើ ជនជាតិ​ការ៉ែនក៏​ត្រូវ​បង្រួម​ទឹកដី​របស់​ខ្លួន​មកនៅសល់​ត្រឹម​តែ ១០% នៃដីកម្មសិទ្ធិដូនតាប៉ុណ្ណោះ ។ 

នៅ​ឆ្នាំ២០១០ រដ្ឋាភិបាល​ថៃបាន​ចេញ​សេចក្ដី​ព្រាងច្បាប់​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ជនជាតិ​ដើម​ការ៉ែន​អាច​រស់​នៅ ដាំដុះ បង្កបង្កើន​ផល និង​អនុផល​ព្រៃឈើ​តាម​បែប​ដូនតា​របស់​ខ្លួន​ក្នុង​ឧទ្យានជាតិនេះបាន​ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បែរជាមិន​ត្រូវ​បាន​អនុម័ត​ទៅវិញ  ។ 

រហូត​ដល់​ពេល​នេះ ជនជាតិ​ដើម​ការ៉ែន​ត្រូវបន្ត​រស់​នៅ​ក្នុង​ស្ថានភាព​​ខុស​ច្បាប់​លើទឹក​ដីរដ្ឋ ។ 

ដោយ​សារាតែ​ការ​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ខ្លួន​ឯងនេះ​ហើយ ជនជាតិ​ការ៉ែន​ងាយ​នឹងត្រូវ​បណ្ដេញ​ឲ្យ​ទៅ​តាំង​ទីលំនៅនៅកន្លែង​ផ្សេង ក្រោម​ច្បាប់​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក ។ 

ជនជាតិ​ដើម​ការ៉ែន​បាន​អះអាង​ថា ពួក​គេ​មិនបាន​ដឹង​ពីការ​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ មានអត្ថ​ន័យ​យ៉ាងណានោះទេ ប៉ុន្តែ​ជាក់ស្ដែង​គឺ​ពួក​គេ​បានបាត់​បង់​ឱកាស​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ទឹកដី​ដូនតាវិញបាត់​​ទៅហើយ ។ 

ចំពោះរដ្ឋាភិបាល​នៃ​ប្រទេស​នេះ​វិញ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ថែរក្សា​ព្រៃ​ឈើ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ជាតិ​ ទាំង​ធនធាន​ធម្មជាតិ និង​ចំណូល​ពី​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ដែល​ទើប​នឹង​បាន​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ថ្មី​ៗ​នេះ។
គួរ​រំឭក​ផង​ដែរ​ថា តំបន់​កែង​ក្រចាន​គឺ​ជា​តំបន់វិវាទ​រវាង​រដ្ឋ ក្រុមហ៊ុន អ្នក​អភិរក្ស ជនជាតិ​ដើម និង​សហគមន៍​មូលដ្ឋាន​ ក្នុង​កំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩ រដ្ឋាភិបាល​ថៃ​បាន​លើក​យក​រឿង​ក្ដីក្ដាំ​ប្រហែល ២៦ ០០០ ករណី​មក​ដាក់​កំហុស​លើ​សហគមន៍​ជនជាតិ​ដើម ជា​ពិសេស​គឺ​បទ​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់ ។

វិច្ឆិកា