Press "Enter" to skip to content

ជនជាតិដើមនៅឥណ្ឌូណេស៊ីត្រូវគេគំរាមចាប់ដាក់គុក

RIPVN |​ វីដេអូឃ្លីបមួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញអ៊ីនធឺណិត​កាល​ពី​ចុង​ខែវិច្ឆិកា​កន្លង​ទៅនេះ បង្ហាញ​ឲ្យ​ឃើញចៅហ្វាយខេត្ត នូសា តឹងហ្ការា ខាងកើត (East Nusa Tenggara) ​លោក វិកទ័រ បាងទីលូ ឡៃស្កូដាត់ (Viktor Bungtilu Laiskodat) ជា​អ្នក​នយោបាយ​កាន់សាសនា​គ្រីស្ទាន បាន​គំរាមកំហែង​ចាប់ជនជាតិដើម​នៅលើ​កោះស៊ុមបាដាក់គុក ដោយសារតែ​ពួក​គេប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍ​លើ​ទឹកដី​របស់​ខ្លួន ។ 

នៅក្នុងខ្សែ​វីដេអូ​នេះផងដែរ គេ​បាន​ឃើញ​ចៅហ្វាយ​ខេត្ត​រូប​នេះ​បាន​ប្រើប្រាស់​ពាក្យពេចន៍ និង​កាយវិការ​មិន​សមរម្យ ខ្វះ​ការ​គោរព​ចំពោះ​អ្នកភូមិ​ដែល​ជា​ជនជាតិដើម​ម្ចាស់ទឹកដី​ទៀតផង ។ 

មុននឹងឈានដល់ទំនាស់ពាក្យសំដីនេះ ជនជាតិដើមជាម្ចាស់ដីបានធ្វើការចោទសួរពីសិទ្ធិនៃការគ្រប់គ្រងខេត្ត និងភស្តុតាងពីការប្រគល់ដីនេះទៅឲ្យរដ្ឋាភិបាល តែចៅហ្វាយខេត្តរូបនេះបែរជាប្រើពាក្យសំដីមិនសមរម្យដែលប្រដូចជនជាតិដើមទៅនឹងសត្វស្វា ព្រមទាំងគំរាមប្រើអំពើហិង្សា និងចាប់ពួកគេដាក់ពន្ធនាគារដោយចោទប្រកាន់ថាប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ ។

បញ្ជាក់បន្ថែមថា គម្រោង​អភិវឌ្ឍ​នេះគឺជាគម្រោងចិញ្ចឹមសត្វត្រូវការប្រើប្រាស់ដីជាង ១០០០ ហិចតាដែលជាដីខេត្តជួលឲ្យសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងតម្លៃខ្ពស់ឲ្យទៅក្រុមហ៊ុនផលិតអាហារ PT Asian Beef ។

ប្រតិកម្មចំពោះបញ្ហានេះ បានចែកចាយជាមតិសាធារណៈក្នុងបណ្តាញសង្គមដោយលើកឡើងថា អាកប្បកិរិយាលោកចាហ្វាយខេត្តរូបនេះមានភាពក្រអឺតក្រទម និងព្រៃផ្សៃហួសហេតុពេកហើយ ។

ប្រសិនបើរដ្ឋាភិបាលប្រើវិធីសាស្រ្តដោះស្រាយតាមទំនៀមទំលាប់ជនជាតិដើម និងពាក្យពេចន៍សមរម្យចរចា នោះ ទំនាស់នឹងមិនកើតមានឡើង ហើយជនជាតិដើមក៏មិនរងការប្រមាថនោះដែរ ។

លោកប្រធានប្រតិបត្តិនៃវេទិកាឥណ្ឌូនេស៊ីសម្រាប់បរិស្ថានបានអះអាងថា ស្ថាប័នរបស់លោកបានរកឃើញគម្រោងធំៗ មួយចំនួនផ្ដួចផ្ដើមដោយរដ្ឋាភិបាលបានបង្កការបំពុល និងប៉ះពាល់ដល់ជនជាតិដើម តែជនជាតិដើមទាំងនោះមិនទទួលបានសិទ្ធការពារ និងការថែទាំឲ្យសមស្របនោះឡើយ ។

ផលប៉ះពាល់នៃគម្រោងទាំងនោះភាគច្រើនបណ្តាលឲ្យទឹកដីជនជាតិដើមបាត់បង់ប្រសិទ្ធិភាពធ្វើកសិកម្ម ហើយឈានដល់ការបណ្តេញចេញពីទឹកដីកំណើត ឬ ដកហូតដីធ្លីដែលខ្លួនកំពុងរស់នៅតែម្តង ។