Press "Enter" to skip to content

ជនជាតិដើមប្រើយន្តហោះដ្រូនការពារព្រៃអាម៉ាហ្សូន

RIPVN | កុលសម្ព័ន Uru-Eu-Wau-Wau គឺជាក្រុមជនជាតិដើមដែលមានចំនួនតិចជាង ៣០០ នាក់ប៉ុណ្ណោះ រស់នៅក្នុងព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៊ីល ដែលបានចេញមកបង្កើតទំទាក់ទំនងជាមួយមនុស្សខាងក្រៅសហគមន៍របស់ពួកគេមុនកុលសម្ព័នផ្សេងទៀត នៅដើមឆ្នាំ១៩៨០ ។

ខណៈពេលដែលពួកគេនៅតែរក្សាទំនៀមទំលាប់រស់នៅបែបកុលសម្ព័ន្ធរបស់ពួកគេជាច្រើនក៏ដោយ ពួកគេ និងកុលសម្ព័ន្ធដទៃទៀតបានចាប់ផ្តើមប្រើឧបករណ៍ដ្រូនទំនើប ដើម្បីរុករកការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងទឹកដីរបស់ពួកគេ ។

តំណាងជនជាតិដើម Uru-Eu-Wau-Wau និងតំណាងជនជាតិដើមមកពី ៦ សហគមន៍ផ្សេងទៀតបានចូលរួមវគ្គបណ្ដុះបណ្ដាលប្រើប្រាស់ដ្រូនដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើខុសច្បាស់ ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ សហព័ន្ធសត្វព្រៃពិភពលោក (WWF) និងសមាគមការពារបរិស្ថាន Kanindé Ethno ដែលជាអង្គការក្នុងតំបន់ ។

អ្នកវិភាគអភិរក្សជាន់ខ្ពស់របស់អង្គការ WWF ប្រេស៊ីល លោក Felipe Spina Avino បាននិយាយថា ក្រុមជនជាតិដើមស្វាគមន៍ទទួលយកបច្ចេកវិទ្យានេះ ហើយនឹងចាប់ផ្ដើមប្រើប្រាស់ ។

លោក Avino បន្តទៀតថា សិក្ខាកាមជនជាតិដើមបានជាប់ចិត្តនឹងបច្ចេកវិទ្យាដ្រូននេះ នៅពេលដែលពួកគេអាចមើលឃើញផ្ទៃព្រៃពីខាងលើ ដែលពួកគេអាចរក្សាការយាមល្បាតនៅតំបន់ធំកាន់តែងាយស្រួលជាងមុន ។

យោងតាមសារព័ត៌មាន CNN ដែនដីកុលសម្ព័ន្ធ Uru-Eu-Wau-Wau ស្ថិតនៅក្នុងតំបន់ព្រៃការពារដែលមានទំហំជិត ២ ម៉ឺន គីឡូម៉ែត្រការ៉េ ដែលពិបាកធ្វើការឆ្លងកាត់ និងតាមដានដោយថ្មើរជើង ។

ការរក្សាព្រៃដែលនៅសេសសល់ គឺមានសារៈសំខាន់ណាស់ដើម្បីបន្ថយកម្ដៅផែនដី ព្រោះដើមឈើអាចដើរតួជាធុងស្រូបយកឧស្ម័នកាបូនបានយ៉ាងល្អ ។ ការអភិរក្សក៏អាចការពារជីវចម្រុះដ៏សម្បូរបែបរបស់ ព្រៃអាម៉ាហ្សូន និងមានសារៈសំខាន់ចំពោះសន្តិសុខស្បៀង ទឹកប្រើប្រាស់ និងការអភិរក្សវប្បធម៌ជនជាតិដើម ។