
RIPVN | របាយការណ៍បម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ បានឲ្យដឹងថា ពិភពលោកនឹងមិនអាចសម្រេចគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងបារីសស្តីពីការថែរក្សាអាកាសធាតុបានទេ ប្រសិនបើប្រទេសជាសមាជិកទាំងអស់មិនអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានតាមការគ្រោងទុក ។
ភាពប្រែប្រួលខ្លាំងនៃអាកាសធាតុនាពេលបច្ចុប្បន្នបានផ្តល់ផលប៉ះពាល់ និងការរំខានយ៉ាងច្រើនដល់ការរស់នៅរបស់មនុស្សគ្រប់រូបក្នុងសាកលលោក ។
ជាការពិតណាស់ ជនជាតិដើមជាក្រុមមនុស្សរស់នៅក្នុងព្រៃ ត្រូវបានគេស្គាល់ថា មានការយល់ដឹងបានស៊ីជម្រៅពីដំណើរវិវត្តន៍របស់ធម្មជាតិតាមរយៈចំណេះវិជ្ជាជនជាតិដើមដែលជាវប្បធម៌ដ៏ចំណាស់របស់ពួកគេ ។
ការស្រាវជ្រាវបានបង្ហាញថា ជនជាតិដើមមានចំនួនត្រឹមតែ ៥ ភាគរយនៃប្រជាជនសរុបក្នុងពិភពលោក និងបានកាន់កាប់ផ្ទៃដីប្រហែល ២០ ភាគរយនៃពិភពលោកប៉ុណ្ណោះ ប៉ុន្តែពួកគេអាចរក្សាបានដល់ទៅ ៨០ ភាគរយនៃជីវចម្រុះពិភពលោកដោយប្រើចំណេះដឹងប្រពៃណីពួកគេ ។
ច្រើនសតវត្សកន្លងទៅនេះ គេបានរកឃើញថាប្រព័ន្ធបរិស្ថាននៅទឹកដីជនជាតិដើមគឺមិនបានទទួលរងការបំផ្លិចបំផ្លាញនោះទេ ។
សហគមន៍ជនជាតិដើមទាំងនោះ រស់នៅតាមបែបប្រពៃណី និងធ្វើការបត់បែនតាមរដូវកាលនៃអាកាសធាតុដោយប្រើវិធីសាស្រ្តបុរាណដើម្បីធ្វើការសង្កេត តាមដាន និងវិនិឆ្ឆ័យពីធម្មជាតិនៃពិភពលោកបានយ៉ាងច្បាស់លាស់ ។
នៅពេលបម្រែបម្រួលអាកាសធាតុបានជះឥទ្ធិពល និងបង្ករគ្រោះធម្មជាតិជាច្រើន ចំណេះវិជ្ជានៃជនជាតិដើមបានក្លាយជាប្រធានបទនាំមុខនៅក្នុងកិច្ចពិភាក្សាអន្តរជាតិដោយសារចំណេះដឹងទាំងនេះមានខ្លឹមសារទូលំទូលាយអំពីធម្មជាតិនៃពិភពលោក ។
ជនជាតិដើម ម៉ៅរី (Maori) នៅញូហ្សេឡែនត្រូវបានគេស្គាល់ថា ជាជនជាតិដើមដែលស្ទាត់ជំនាញ មានចំណេះដឹងទូលំទូលាយអំពីប្រព័ន្ធបរិស្ថានដោយពួកគេធ្វើការសង្កេតមើលទីតាំងភូមិសាស្រ្តតាមបែបបរិស្ថានវិទ្យា និងតាមដានលំនាំផ្លាស់ប្តូរនៃធម្មជាតិតាំងពីរាប់លានឆ្នាំមុន ។
ទន្ទឺមនឹងនោះ ចំពោះកំណើនទឹកនៅទន្លេប៉ារីងហ្គោ ប្រទេសកេនយ៉ា ជនជាតិដើមនៅទីនោះបានបញ្ជាក់ថា ការកើនឡើងនេះគឺមានជាប់ទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រឆ្នាំ១៩២៤ ឆ្នាំ១៩៥៦ និងឆ្នាំ១៩៦២ ហើយកម្រិតទឹកទន្លេនេះនឹងត្រឡប់មកកាន់សភាពដើមវិញដោយផ្អែកលើគោលការណ៍មូលដ្ឋាននៃចំណេះដឹងសហគមន៍ពួកគេ ការសន្និដ្ឋាននេះមានខ្លឹមសារប្រហាក់ប្រហែលទៅនឹងការវិភាគភូមិសាស្ត្ររបស់អ្នកស្រាវជ្រាវក្នុងតំបន់នោះផងដែរ ។
មិនតែប៉ុណ្ណោះ ក្នុងករណីភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលីកាលពីដើមឆ្នាំ ២០២០ សហគមន៍ជនជាតិដើមនៅទីនោះអាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃបានដោយជោគជ័យ ដោយប្រើចំណេះដឹងប្រពៃណីពួកគេ រីឯរដ្ឋាភិបាលប្រទេសនេះក៏បានអនុម័តវិធានការបង្រ្កាបអគ្គីភ័យតាមវិធីសាស្ត្រជនជាតិដើមដើម្បីពន្លត់ភ្លើងឆេះព្រៃបានជោគជ័យផងដែរ ។