Press "Enter" to skip to content

ទទួលបានឯករាជ្យ ៧៥ ឆ្នាំ ជនជាតិ​ដើម​នៅឥណ្ឌូណេស៊ី មិនទាន់ទទួល​បាន​សមភាព

RIPVN | ជនជាតិដើមនៅឥណ្ដូណេស៊ី ធ្លាប់បានចូលរួមចំណែកជាមួយក្រុមសិស្ស និសិត្សធ្វើការតស៊ូ ទាមទារឯករាជ្យពីអាណានិគមបរទេស ហើយបង្កើតបានជាសាធារណរដ្ឋឥណ្ឌូណេស៊ី ។ ប៉ុន្តែក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត ឈ្មោះរបស់​ពួកគេ មិនសូវបានគេលើកយកមកនិយាយនោះទេ បើប្រៀបទៅនឹងឈ្មោះរបស់​មេដឹកនាំក្រុមយុវជនតស៊ូ​ ដើម្បីកែប្រែប្រវត្តិសាស្ត្រ​ទាំងអស់​នោះ ។

ស្រ្តីជនជាតិដើមម្នាក់ឈ្មោះ Sombolinggi បាននិយាយថា ៖ «លោកតារបស់ខ្ញុំបានស្លាប់ក្នុងនាមជាវីរបុរស ។ ប្រវត្តិសាស្រ្តប្រហែលមិនបានកត់ត្រាស្នាដៃរបស់ជនជាតិដើមក្នុងការតស៊ូប្រឆាំងរបបអាណានិគមនោះទេ ប៉ុន្តែមានជនជាតិដើមរាប់ពាន់អ្នកបានស្លាប់ក្នុងសង្គ្រាមតស៊ូទាំងនោះ ។ គួរឲ្យសោកស្ដាយ ដែលគេកត់ត្រាតែចលនាតស៊ូរបស់ក្រុមយុវជន» ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​បច្ចុប្បន្ន​នេះ ជនជាតិដើម ដែលត្រូវគេស្គាល់ថាជាអ្នកការពារព្រៃឈើ និងបរិស្ថាន នៅតែបន្តទទួលបានការស្អប់ខ្ពើម និងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដោយសារប្រឆាំង​នឹង​ការវិនិយោគលើគម្រោងជីកយករ៉ែ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ។

អ្នកស្រី​ Sombolinggi ដដែល បានលើកឡើងថា បច្ចុប្បន្នជនជាតិដើមនៅឥណ្ឌូណេស៊ី កំពុងប្រឈមមុខនឹងអាណានិគមមួយបែបទៀត ។ «ការតស៊ូនៅជំនាន់ខ្ញុំ​ អាចនិយាយបានថាងាយស្រួលជាងឥឡូវនេះ ព្រោះពីមុនពួកយើងប្រឆាំងនឹងអាណានិគមបរទេស ប៉ុន្តែក្មេងៗជំនាន់ក្រោយនេះត្រូវតស៊ូប្រឆាំងជាមួយជាតិសាសន៍ខ្លួនឯង» ។

ដែនដីរបស់ជនជាតិដើម ភាគច្រើនស្ថិតនៅក្នុង និងក្បែរតំបន់ព្រៃដែលជាសម្បត្តិរបស់ប្រទេសជាតិ ។ អ្នកស្រី Sophie Chao ជាអ្នកស្រាវជ្រៀវ និងបានសិក្សាអំពីជីវិតរបស់ជនជាតិដើម Marind-Anim នៅតំបន់ Merauke ខេត្ត Papua បានលើកឡើងអំពីរបៀប ដែលជនជាតិដើមបានថែរក្សាព្រៃឈើ គោរពដល់រុក្ខជាតិ និងសត្វព្រៃ ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ។

អ្នកស្រី Sophie Chao ដែលបានរស់នៅជាមួយជនជាតិដើមជាងមួយទសវត្សរ៍ហើយនោះ បានកោតសរសើរចំពោះភាពក្លាហាន ភាពអត់ធន់ និងភាពច្នៃប្រឌិតរបស់ជនជាតិដើម ។ «ខ្ញុំសង្ឃឹមថា វប្បធម៌ និងគុណតម្លៃរបស់ជនជាតិដើមនឹងត្រូវបានទទួលស្គាល់ ការពារនិងលើកកម្ពស់ដោយរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ» Chao បាន​បញ្ជាក់​ ។