Press "Enter" to skip to content

គ្រូគង្វាល​ហ្វីលីពីន​អំពាវនាវ​បញ្ឈប់​គម្រោង​​ទំនប់ទឹកដែលបង្ករការ​ប៉ះពាល់ដល់​ជនជាតិ​ដើម

RIPVN | ក្នុង​ទិវា​ជនជាតិ​ដើមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មេដឹកនាំ​សាសនា​កាតូលិកព្រះសហគមន៍បនតុកឡាហ្គាវេ ខាង​ជើង​ហ្វីលីពីន លោកគ្រូ វ៉ាលែនទីន ​បាន​អំពាវនាវ​សារជាថ្មី​សុំឲ្យ​មហាជន​រួម​ដៃ​គ្នា​បញ្ឈប់​គម្រោង​សាងសង់​ទំនប់ទឹកនៅកាលីវ៉ា  ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​នៅ​ខេត្ត​រីហ្សាល់ និង កេហ្សន ជិត​ក្រុងម៉ានីល ។ 

គម្រោង​ទំនប់​ទឹក​នេះ​គឺ​ជា​ប្រព័ន្ធ​​ផ្គត់​ផ្គង់​ទឹក​ថ្មី​សម្រាប់​បម្រើ​​តម្រូវ​ការ​ប្រជាជន​​រដ្ឋធានីម៉ានីល ខេត្ត​រីហ្សាល់ និង​កេហ្សន ដោយ​ត្រូវ​ការ​ធ្វើ​រូង​ក្រោម​ដី​ពី​ទន្លេ​កាលីវ៉ា​ឆ្លង​កាត់​ដល់ទៅ២ខេត្ត ​មាន​ប្រវែង​ ​២៧,៧០ ​គីឡូ​ម៉ែត្រ ។

គម្រោង​នេះ​មាន​រយៈ​ពេល​៥​ឆ្នាំ បាន​ចាប់​ផ្តើម​ការសាង​សង់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៩  និងទទួលបានជំនួយអភិវឌ្ឍពី​ប្រទេសចិន ។

លោកគ្រូ ​វ៉ាលែនទីន ​បាន​អះអាង​ថា គម្រោង​នេះ​បាន​បង្ករ​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន សត្វព្រៃ និង​ជនជាតិ​ដើម​រស់​នៅ​តំបន់​នោះ រួម​មាន​ការ​រអិល​បាក់​ដី ពិសេស​គ្រោះ​ថ្នាក់​ផ្សេង​ៗ​នៅ​ពេល​មាន​ខ្យល់​កន្ត្រាក់​ និង​ព្យុះ​ជា​ដើម ។

ចំពោះ​សហគមន៍​ជនជាតិ​ដើម​ឌូម៉ាហ្គាត និង​រ៉េម៉ង់តាដូដែល​តាំង​ទីលំនៅនៅ​ទី​នោះ​​ ពួកគេ​​បាន​ប្រឈម​​មុខ​​នឹង​​ការ​​ផ្លាស់​ប្តូរ​លំនៅឋានចេញ​​ពី​​ទឹកដី​​ដូនតា​ទៅ​តំបន់​​ដទៃ​ដែល​មាន​​វប្បធម៌​​រស់​​នៅ​ខុស​ពី​ទំនៀម​ទម្លាប់​ដើម​របស់​ពួក​គេ​ ។

លោកគ្រូ​ វ៉ាលែនទីន ​បាន​បន្ថែម​ថា ជនជាតិ​ដើម​ទាំង​នោះ​ក៏​តម្រូវ​ឲ្យ​ទទួល​បាន​សិទ្ធិ​ការពារ​ផង​ដែរ ​ដោយ​ហេតុ​ថា​ជីវភាពរស់នៅ និង​កម្មសិទ្ធិ​ដី​ធ្លី​របស់​ពួកគេ​កំពុង​រង​ការ​បំពាន​ពី​គម្រោងសាងសង់​ទំនប់​ទឹក​នេះ​ ។​

មិន​តែ​ប៉ុណ្ណោះ ដំណើរ​ការ​នៃ​គម្រោង​ទំនប់ទឹកនេះត្រូវ​បាន​សង្ស័យ​ថា មិន​ទាន់​បាន អនុលោម​តាម​ស្តង់ដា​បរិស្ថាន​​ការ​សាងសង់ឲ្យ​បាន​ជាក់លាក់​នោះ​ទេ សូម្បី​ឯកសារ​ពាក់ព័ន្ធ​ក៏​មិន​ទាន់​មាន​បង្ហាញ​ជា​ផ្លូវ​ការ​ផង​ដែរ ។

គម្រោងមួយ​នេះក៏​បាន​រង​ការ​រិះ​គន់​ពី​​​មហាជន​ផង​ដែរ ​ដោយសារ​មិន​បានជូនដំណឹង​ឬ​ព្រមព្រៀង​ជាមួយ​សហគមន៍​ជនជាតិ​ដើម ​ឌូម៉ាហ្គាត និង ​រ៉េម៉ង់តាដូ ​ដែល​រស់​នៅ​ក្នុង​តំបន់នេះ​យូរយារណាស់មកហើយ ។

សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ​ដើម បាន​កំណត់​យ៉ាងច្បាស់ថា សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​ជនជាតិ​ដើម ទឹកដី​ដូនតា និង​ធនធាន​ធម្មជាតិ​ក្នុង​ទឹក​ដី​ពួកគេ​ ត្រូវ​តែ​ទទួល​បាន​ការ​យល់​ព្រម​ពី​ជនជាតិ​ដើម​ជា​មុន​សិន ។

ចន្ថា