
RIPVN | ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំនេះ គឺជាខួបទី១៣ អង្គការសហប្រជាជាតិបានអនុម័តសេចក្ដីប្រកាសស្ដីពីសិទ្ធិរបស់ជនជាតិដើម (UNDRIP) ។
ក្នុងការបោះឆ្នោតជាប្រវត្តិសាស្រ្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ មានចំនួន ១៤៤ ប្រទេសបានបោះឆ្នោតគាំទ្រសេចក្ដីប្រកាសនេះ និង ១១ ប្រទេសអវត្តមាន ហើយមាន ៤ ប្រទេសដែលបានបោះឆ្នោតប្រឆាំង (អូស្ត្រាលី កាណាដា នូវែលសេឡង់ និងសហរដ្ឋអាមេរិក) ។
ចាប់ពីឆ្នាំ ២០០៧ ប្រទេសទាំងបួនរួមទាំងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរជំហររបស់ពួកគេមកគាំទ្រសេចក្តីប្រកាសនេះជាផ្លូវការវិញ ។
ការប្រកាសនេះ គឺជាលទ្ធផលនៃការចរចាដ៏ស្វិតស្វាញអស់រយៈពេល ២៥ ឆ្នាំ ។ សិទ្ធិដែលបានចែងនៅក្នុងឯកសារ «បង្កើតបានជាបទដ្ឋានអប្បបរមា សម្រាប់ការរស់រានមានជីវិត សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ជនជាតិដើមនៅលើពិភពលោក» ។
សេចក្តីប្រកាសការពារសិទ្ធិសមូហភាព និងលក្ខណៈបុគ្គលរបស់ជនជាតិដើមទាក់ទងទៅនឹងអភិបាលកិច្ចដីធ្លី ការអប់រំ ការងារ សុខភាព និងវិស័យផ្សេងៗទៀត ។
សេចក្តីប្រកាសនេះក៏តម្រូវឲ្យ រដ្ឋនានាពិគ្រោះយោបល់ជាមួយជនជាតិដើមក្នុងគោលបំណងឈានដល់ការព្រមព្រៀងគ្នាលើបញ្ហាដែលពួកគេព្រួយបារម្ភ ។
យោងតាមអតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម លោក James Anaya បានពន្យល់ថា សិទ្ធិនៃការសំរេចចិត្តខ្លួនឯងគឺ «មានការចូលរួមពេញលេញ និងស្មើភាពគ្នាក្នុងការបង្កើតស្ថាប័នរដ្ឋាភិបាលដែលពួកគេរស់នៅ ហើយលើសពីនេះទៅទៀត រស់នៅក្នុងសណ្តាប់ធ្នាប់ស្ថាប័នដែលពួកគេគ្រប់គ្រងវាសនារៀងៗខ្លួន ។
ទោះបីប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៤៤ ដំបូងគេដែលបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសនេះក៏ដោយ ប្រទេសវៀតណាមមិនបានធ្វើការផ្លាស់ប្តូរជាវិជ្ជមានណាមួយនៅក្នុងការអនុវត្តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមនោះទេ ។
មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងហាណូយបានក្រកាសក្ដែងៗ ថា ៖ « នៅសាធារណរដ្ឋសង្គមនិយមវៀតណាមមិនមានអ្វីដែលហៅថាសិទ្ធិជនជាតិដើមនោះទេ» (ទស្សនាវដ្តី ទ្វៀនហ្សាវ (ឃោសនាការ) ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៨) ។
ដូច្នេះប្រទេសវៀតណាមនៅតែបដិសេធមិនទទួលស្គាល់ឋានៈរបស់ជនជាតិដើមដូចជា ខ្មែរក្រោម ចាម ក្រុមជនជាតិខ្ពង់រាបកណ្តាល និងក្រុមជនជាតិនៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាមសព្វថ្ងៃ ។
បន្ទាប់ពី ១៣ ឆ្នាំដែលប្រទេសវៀតណាមបានបោះឆ្នោតគាំទ្រសិទ្ធិជនជាតិដើម ជនជាតិដើមនៅវៀតណាមបន្តរស់នៅក្នុងភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ ក៏ដូចជាប្រឈមនឹងការរើសអើងជាតិសាសន៍ និងការគាបសង្កត់ ធ្វើទុក្ខបុម្នេញពីអាជ្ញាធរវៀតណាម ដោយមិនឲ្យពួកគេមានសេរីភាពបញ្ចេញមតិ និងសេរីភាពខាងសាសនាឡើយ ។