Press "Enter" to skip to content

កាណាដា​ប្រារព្ធ​ទិវា​ផ្សះ​ផ្សា​ជាតិ​រំឭក​ដល់​សោកនាដកម្មនៃ​ជនជាតិ​ដើម​

RIPVN | កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​​ ឆ្នាំ២០២១ ប្រទេស​កាណាដា​បាន​ប្រារព្វ​ធ្វើ​ទិវា​ផ្សះ​ផ្សា​ជាតិ​លើក​ដំបូង​បង្អស់ដើម្បីរំឭក​ដល់​ជនជាតិដើមរាប់រយនាក់ដែលស្លាប់​បាត់បង់​ជីវិត​ដោយសារតែអំពើ​ប្រល័យ​ពូជសាសន៍​នា​សម័យ​អាណានិគមន៍​ ។​ 

ទិវា​ចងចាំ​មួយ​នេះ ត្រូវ​បាន​រដ្ឋសភា​កាណាដា​អនុម័ត​ ឲ្យ​ក្លា​យ​ជា​ពិធីបុណ្យ​ជាតិ​កាល​ពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។ 

ក្នុង​ទិវា​មួយនេះ សហគមន៍ជនជាតិ​ដើម​កាណាដា​បាន​ជួបជុំ​គ្នា និង​ដង្ហែក្បួន​ដើម្បី​រំឭក​ដល់​​វិញ្ញាណក្ខណ្ឌ​ក្មេងៗ​ដែល​បាន​ស្លាប់​ក្នុង​អំពើ​ប្រល័យពូជសាសន៍ និង​សំដែង​ការ​រំលែក​ទុក្ខ​ចំពោះ​អ្នក​ដែល​កំពុង​រស់រាន​មាន​ជីវិត ជា​ពិសេស​គឺ​សាច់ញាតិ​ និង​សហគមន៍​ជនជាតិ​របស់​ជន​រងគ្រោះ ។ 

ក្នុងថ្ងៃជាមួយ​គ្នានោះដែរ មហាក្សត្រីយនីនៃ​ចក្រភព​អង់គ្លេស អេលីហ្សាបេតទីពីរ ​បានផ្ញើរាជសារ​ទៅកាន់​ប្រជាជន​កាដាណា អំពីការចូលរួម​ទិវាកាន់ទុក្ខ​នេះ ហើយ​ក៏សំដែង​ការសោកស្ដាយ​ចំពោះប្រវត្តិសាស្ត្រ​ដ៏ឈឺ​ចាប់​ដែល​ជនជាតិ​ដើម​នៅ​កាណាដាធ្លាប់​បាន​ឆ្លងកាត់ ព្រះមហាក្សត្រីយនី​​បានបង្ហាញ​ភាព​ជឿជាក់លើប្រជាជន​កាណាដារួម​ទាំង​ជនជាតិ​ដើម ថានឹង​រួមគ្នាផ្សះផ្សា​ជាតិ កសាង​ប្រទេស​ឱ្យ​បាន​រីកចម្រើន​។ 

តាំង​​ពី​ឆ្នាំ​២០១៣ មក ទិវា​នេះ​ត្រូវ​បាន​គេ​​រៀបចំ និង​ប្រារព្ធ​ឡើង​មិន​ផ្លូវ​ការដោយឱ្យ​ឈ្មោះ​ថា​ «ទិវា​អាវ​ពណ៌​ទឹក​ក្រូច​» ដោយសារ​តែ​ក្នុង​ថ្ងៃ​នេះ គេ​នាំ​គ្នា​ពាក់អាវ​ពណ៌​ទឹកក្រូច ដែល​ជា​អាវ​ដែល​ក្មេងស្រី​ជនជាតិ​ដើម​ម្នាក់​បាន​ពាក់​ទៅសាលា ហើយ​ត្រូវ​បាន​ជនជាតិ​ស្បែកស​បង្ខំឲ្យស្រាតខោអាវចេញ។

គួររំឭកផងថា នៅចុង​សតវត្សទី១៩ រហូតដល់ទសវត្ស១៩៩០ មាន​កុមារ​ប្រមាណ ១៥០ ០០០ នាក់ ជាកូនចៅជនជាតិ​ដើម First Nations​,  Metis, និង Inuit ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ឪពុកម្ដាយ ដើម្បី​ចូល​រៀនក្នុង​សាលា​សម្រាប់ជនជាតិ​ដើម​នៅ​ទូទាំង​ប្រទេស​កាណាដា។ 

ពួក​គេ​ត្រូវ​បាន​កាត់ផ្ដាច់ពី​គ្រួសារ និង​សហគមន៍​ជនជាតិរបស់ពួក​គេ ត្រូវ​គ្រូ​បង្រៀន​ និង​អ្នក​គ្រប់គ្រងជា​ជនជាតិ​ស្បែកស​រំលោភ​បំពាន​ផ្លូវកាយ និង​ផ្លូវភេទ ដោយសារ​តែ​ពួក​គេ​មាន​វប្បធម៌ និង​និយាយភាសា​ខុសពីជនជាតិ​ស្បែកស (គឺ​ភាសា​អង់គ្លេស)។ 

គេ​ជឿថា​ មាន​ក្មេងជនជាតិ​ដើម​រាប់​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សាលា​ជនជាតិ​ដោយសារ​តែ​ជំងឺ កង្វះ​អាហារ ​និង​ច្រើន​ពាន់នាក់​ទៀត​ត្រូវ​កើត​ជំងឺ​ផ្លូវ​ចិត្ត ភ័យខ្លាច និង​មាន​សតិ​មិន​ប្រក្រតី ដោយ​សារតែការ​រង​ទារុណកម្ម។ 

ដោយ ៖ ដាណែត