
RIPVN | បាហូ ប៉ារ៉ាវួ (Bajo Paragua) តំបន់ព្រៃឈើអភិរក្ស និងជាទឹកដីដូនតារបស់ជនជាតិដើមនៅបូលីវីកំពុងរងការរាតត្បាតដោយក្រុមអាជីវករខុសច្បាប់យកដីទីនោះទៅជួញដូរដោយមិនមានការព្រមព្រៀង និងអនុញ្ញាតពីជនជាតិដើមដែលបានរស់នៅលើទឺកដីជាយូរយារណាស់មកហើយ ។
ជនជាតិដើម ជីគីតាណូ (Chiquitano) ដែលរស់នៅលើទឹកដីមួយនេះរាប់ជំនាន់មកហើយបានអះអាងថា ពួកគេធ្លាប់មានភាពជឿជាក់លើរដ្ឋាភិបាលប្រទេសនេះជាខ្លាំងថា នឹងមានការការពារលើតំបន់ព្រៃឈើនេះឲ្យបានគង់វង្ស ក្រោយពីបានដាក់ជាតំបន់អភិរក្ស ។
បាហូ ប៉ារ៉ាវួ ត្រូវបានដាក់ជាតំបន់អភិរក្សកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងការពារព្រៃឈើដែលមានផ្ទៃដីជាង ៩៨៣ ០០០ ហិចតា ក្រោយពីមានការបំផ្លាញបណ្តាលមកពីភ្លើងឆេះព្រៃជាច្រើនករណីក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ។
ជនជាតិដើមទាំងនោះបានបន្តទៀតថា ក្រុមអ្នករកស៊ីដីខុសច្បាប់ជាច្រើនបានចុះមកមើលដីក្នុងតំបន់អភិរក្សដោយផ្ទាល់ ហើយមានភ្ជាប់មកជាមួយឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីរួចជាស្រេច ។
រីឯជនជាតិដើមដែលរស់នៅលើទឹកដីនេះជាង ៥០ ឆ្នាំកន្លងទៅ បែរជាមិនអាចរៀបចំឯកសារបញ្ជាក់ពីកម្មសិទ្ធិដីធ្លីរបស់ពួកគេបានឡើយ ។

ពួកគេបានអះអាងបន្ថែមថា ដំបូងពួកឈ្មួញដីទាំងនោះតែងនាំគ្នាមករស់នៅក្នុងព្រៃ បានបន្តិចពួកគេចាប់ផ្តើមកាប់ឆ្ការព្រៃ ហើយលក់បន្តឲ្យទៅឈ្មួញដទៃទៀត ។
របាយការណ៍របស់អង្គការអភិរក្សព្រៃឈើជីគីតាណូនៅឆ្នាំ២០២១ បានឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ បានចាប់ផ្តើមកើនឡើងខ្លាំងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយសរុបឡើងវិញនៅដើមឆ្នាំ២០២១ គេបានរកឃើញព្រៃឈើនៅតំបន់អភិរក្ស និងតំបន់ដទៃប្រហែល ១៦៥ ហិចតា ត្រូវបានកាប់បំផ្លាញហិនហោចអស់ ។
បញ្ហាចម្បងដែលជនជាតិដើមទីនោះកំពុងព្រួយបារម្ភនោះគឺ វិធានការការពារតំបន់អភិរក្សនៅមានចន្លោះប្រហោងជាច្រើន អាជ្ញាធរបានចេញវិធានការការពារដោយដាក់តំបន់ព្រៃឈើនោះជាតំបន់អភិរក្ស តែមិនមានបំរាម និងការពិន័យ ឬទណ្ឌកម្មណាមួយបានចែងសម្រាប់អ្នកប្រព្រឹត្តខុសនោះឡើយ ។
បញ្ហាមួយទៀតគឺទំនួលខុសត្រូវក្នុងការដោះស្រាយវិបត្តិមួយនេះ នៅមិនទាន់មានការយកចិត្តទុកដាក់ឲ្យបានដិតដល់ពីរដ្ខាភិបាល ព្រោះថាកាតព្វកិច្ចក្នុងការថែរក្សា និងការពារតំបន់អភិរក្សនេះកំពុងនៅក្នុងភាពមិនច្បាស់លាស់ ដោយសារភាគីពាក់ព័ន្ធទាំងឡាយ ហាក់មិនបានរួមមតិគ្នាចេញជាដំណោះស្រាយឲ្យបានច្បាស់លាស់នោះទេ ។