
RIPVN | កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋអំណាចនៃរដ្ឋឃ្វីនឡែន ប្រទេស អូស្ត្រាលី បានប្រារព្ធពិធីដើម្បីប្រគល់តំបន់ព្រៃត្រូពិចដ៏ចំណាស់ជាងគេឲ្យទៅម្ចាស់ដើមវិញ គឺ ជនជាតិដើម គូគូ យ៉ាឡាន់ជី ខាងកើត (Eastern Kuku Yalanji) ។
តំបន់ព្រៃត្រូពិចនេះមានឈ្មោះថា ឧទ្យានជាតិដែនទ្រី មានអាយុកាលជាង ១៣៥ លានឆ្នាំ និងជាតំបន់ដែលមានជីវៈចម្រុះដ៏សម្បូរបែប ។
អង្គការយូណេស្គូបានដាក់តំបន់ព្រៃត្រូពិចនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ ១៩៨៨ មកម្លេះ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃរដ្ឋឃ្វីនឡែន លោក មេហ្គែន ស្កែនឡុន បានអះអាងថា ការប្រគល់ទឺកដីដូនតាឲ្យទៅជនជាតិដើមវិញគឺដើម្បីផ្សះផ្សារសាមគ្គីជាតិឡើងវិញ ក្រោយពេលរឿងរ៉ាវប្រវត្តិសាស្រ្តជូរជត់បានកន្លងផុតទៅ ។
កាលពីឆ្នាំ ១៧៨៨ ជនជាតិស្បែកសបានឈានជើងមកដល់ទឹកដីទ្វីបអូស្ត្រាលី និងចាប់ផ្តើមការធ្វើអាណានិគម បណ្តាលឲ្យជនជាតិដើមជាច្រើនត្រូវរងទុក្ខ រួមទាំងបានបាត់បង់ទឹកដីកំណើតរបស់ខ្លួន ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា វប្បធម៌រស់នៅនៃជនជាតិដើម គូគូ យ៉ាឡាន់ជីខាងកើត ជាវប្បធម៌ចំណាស់ដ៏រស់រវើកមួយលើពិភពលោក កិច្ចព្រមព្រៀងប្រគល់ទឹកដីដូនតាឲ្យទៅម្ចាស់ដើមវិញនេះគឺជាសញ្ញាណបញ្ជាក់ពីសិទ្ធិកាន់កាប់ និងគ្រប់គ្រងទឺកដីរបស់ពួកគេ ។
មួយវិញទៀត កិច្ចព្រមព្រៀងនេះគឺដើម្បីថែរក្សាវប្បធម៌ជនជាតិដើម និងបន្ថែមការចែករំលែកចំណេះដឹងទាំងនេះទៅភ្ញៀវទេសចរនៅពេលដែលជនជាតិដើមក្លាយខ្លួនជាប្រមុខដឹកនាំក្នុងវិស័យទេសចរណ៍ ។
អូស្រ្តាលីក៏កំពុងរៀបចំប្រគល់ទឹកដីភាគឦសាន ប្រមាណ ១៦០ ០០០ ហិចតាឲ្យទៅជនជាតិដើមវិញដើម្បីជាការផ្សះផ្សារផងដែរ ។
គួរបញ្ជាក់ផងថា ជនជាតិដើមភាគខាងជើងអូស្រ្តាលីបានទទួលសិទ្ធិកាន់កាប់ឧទ្យានជាតិពីររួចមកហើយ ។
រដ្ឋាភិបាលរដ្ឋឃ្វីនឡែននឹងចូលរួមជាដៃគូរសហការរៀបចំឧទ្យានជាតិទាំងនេះ មុនពេលផ្ទេរសិទ្ធិកាន់កាប់ទាំងស្រុងទៅឲ្យជនជាតិដើមវិញ ។