Press "Enter" to skip to content

ជនជាតិ​ដើម​នៅ​ឦសាន​ឥណ្ឌា និង​ជនជាតិ​អាស៊ីអាគ្នេយ៍​មាន​សម្ព័ន្ធ​នឹងគ្នា

RIPVN | ជនជាតិ​ដើម​នៅ​រដ្ឋ​អាសាម ភូមិ​ភាគ​ឦសាន​ឥណ្ឌា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជនជាតិ​នៅ​​អាស៊ីអាគ្នេយ៍ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jishnu Baruah អគ្គលេខាធិការ​រដ្ឋ​អាសាម ក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ​កាល​ពី​ថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០២១។ 

សិក្ខាសាលា​មួយនេះប្រព្រឹត្តទៅឡើងក្រោម​​ប្រធានបទ «សាសនា វប្បធម៌ និង​បុរាណវិទ្យា​នៅ​ជ្រលងភ្នំ ព្រហ្មបុត្រ» (Brahmaputra) រៀបចំឡើង​ដោយ​​នាយកដ្ឋាន​វប្បធម៌ និង​ជំនឿ​របស់​ជនជាតិ​ដើម និង​កុលសម្ព័ន្ធ នៃ​រដ្ឋ​អាសាម ប្រទេស​ឥណ្ឌា។ 

តាមប្រសាសន៍របស់លោក Baruah គេ​រក​ឃើញ​មាន​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា​ជនជាតិ​ដើម​នៅ​តំបន់​ឦសាន​រដ្ឋ​អាសាម មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​នៅ​ខេត្ត​យូណាន (ប្រទេស​ចិន) និង​ជនជាតិ​ភូមា ជនជាតិ​ថៃ​ជាដើម។ 

​ជាក់ស្ដែង គេ​បាន​រក​ឃើញ​ពាក្យ​ពេចន៍ សូរសៀងតន្ត្រី​ និង​ចម្រៀង​ប្រជាប្រិយ​របស់​កុលសម្ព័ន្ធ​ជនជាតិ​ដើម​នៅ​អាសាម មាន​លក្ខណៈ​ប្រហាក់ប្រហែល ឬ ជួន​កាល​ដូច​បេះបិទទៅ​នឹង​ជនជាតិ​នៅ​តំបន់​យូណាន​តែម្ដង។ 

អ្នក​ស្រាវជ្រាវ​ឥណ្ឌា​ជឿជាក់​ថា អាសាម​ជាច្រក​​មួយ​សម្រាប់ការ​ជួញដូរពាណិជ្ជកម្ម និង​ទំនាក់ទំនងគ្នា​រវាង​​ជនជាតិ​នៅ​ចិន​ខាងត្បូង និង អាស៊ីអាគ្នេយ៍ និង​ឧបទ្វីប​​ឥណ្ឌា ហេតុដូច្នោះ អាសាមក៏​ទទួល​បាន​ការជួបប្រទះ និង​ចម្លង​លក្ខណៈ​វប្បធម៌ ​ពិសេស​របស់​ជនជាតិ​អាស៊ីអាគ្នេយ៍​ផងដែរ។ 

គួរ​បញ្ជាក់ថា អាសាម ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា ជារដ្ឋ​ស្វយ័ត​មួយ (self-governing) មាន​ជនជាតិ​ដើម​ជា​ច្រើន​ក្រុម មាន​ភាសា សាសនា និង​ទំនៀមទំលាប់​ខុសៗគ្នា។ 

អាសាម ក៏​ជា​រដ្ឋមួយ​នៅ​ឥណ្ឌា​កំពុង​ជួបការវិវត្តន៍​ជា​ច្រើន​ ដើម្បី​ផ្ដល់​សិទ្ធិ និង​ឱកាស​អភិវឌ្ឍន៍​ជូន​​ដល់ជនជាតិ​ដើម។ 

ដាណែត