Press "Enter" to skip to content

ជនជាតិដើមនៅប្រេស៊ីលអះអាងថាពួកគេអាចជួយដោះស្រាយវិបត្តិអាកាសធាតុបាន

RIPVN | កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជន​ជាតិ​ដើម​ប្រេស៊ីល​បាន​អះអាងក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាតិ​ស្តី​ពី​អាកាសធាតុ​ឆ្នាំ​២០២១ ​ថា​ ពួក​គេ​គឺ​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ខ្លា​អាច​ជួយ​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​អាម៉ាហ្សូន​បាន​ ។

បណ្ដា​សម្ព័ន្ធ​ជនជាតិ​ដើ​ម​នៅ​ប្រេស៊ីល​បាន​ឲ្យដឹងថា ពួកគេបាន​បញ្ជូន​គណប្រតិភូ​ចំនួន ៤០ រូប ដែល​ជាចំ​នួន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ប្រជុំ​អន្តរជាតិ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ នៅ​ទីក្រុង​ក្លាស​ស្កូរ ចក្រភពអង់គ្លេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ 

ពួកគេ​បាន​បញ្ជាក់​​ថា​ ជំនាញ​ និង​ចំណេះ​ដឹង​ប្រពៃណី​ជន​ជាតិ​ដើម​អាច​ជួយ​ការពារ​ និង​ថែរក្សា​ព្រៃ​ឈើ​ក្នុង​តំបន់​អាម៉ាហ្សូន​ ក៏​ដូច​ជា​ជួយ​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​ខ្លាំង​នៃ​អាកាស​ធាតុ​បាន​យ៉ាង​ល្អ ។

​លោក​ស្រី Sonia Guajajara ប្រធានសម្ព័ន្ធ​​ជន​ជាតិ​ដើម​ប្រស៊ីល​បាន​បន្ថែម​ថា ប្រសិន​បើ​មិន​មាន​ការ​ការពារ​សិទ្ធិ និង​ទឹក​ដី​ជន​ជាតិ​ដើម​នោះ​ទេ ដំណោះស្រាយ​​សម្រាប់ការ​ទប់​ស្កាត់​វិបត្តិ​អាកាស​ធាតុ​នេះ​ក៏​មិន​អាច​ទទួល​បាន​ផល​ជោគ​ជ័យ​នោះ​ដែរ​ ព្រោះ​ថា ជន​ជាតិ​ដើម​នេះ​ហើយដែល​ជា​គន្លឹះមួយ​ដ៏​សំខាន់​ក្នុង​ការដោះស្រាយបញ្ហានេះ។

ស្រប​ជាមួយ​គ្នា​នេះ អ្នក​អភិរក្ស​បរិស្ថាន​ក៏​បាន​សិក្សា​រក​ឃើញ​ថា ព្រៃ​ឈើ​ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​ជន​ជាតិ​ដើម​គឺ​ជា​តំបន់​ដែល​ទទួល​បាន​ការ​ថែ​ទាំ​ល្អ​បំផុត​ក្នុង​ព្រៃ​អាម៉ាហ្សូន ភាគ​រយ​នៃ​ការ​បំផ្លិចបំផ្លាញ​នៅ​ទី​នោះ​គឺ​មាន​ចំនួន​តិច​តួច​ណាស់ ។

បញ្ហា​ចម្បង​នា​ពេល​នេះ​គឺ មាន​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ និង​​ការ​ជីក​រ៉ែ​ក្នុង​ព្រៃ​ជ្រៅ​ៗ​ បាន​ឈ្លាន​ពាន​ចូល​ទឹក​ដី​ជន​ជាតិ​ដើម​ និង​បាន​បំពុល​បរិស្ថាន ​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស​សត្វ​នៅ​ទី​នោះ ។

ប្រតិភូជនជាតិដើម​ប្រេស៊ីល ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទាំង​នោះ​មាន​សកម្មភាព​កាន់​តែ​ច្រើន​ទ្វេ​ដង ​នៅពេល​រដ្ឋាភិបាល​ប្រទេស​នេះ​ចាប់​ផ្តើម​ជំរុញ​ឲ្យមានការ​ជីក​យក​រ៉ែ និង​អភិវឌ្ឍ​វិស័យកសិកម្ម​បែប​ពាណិជ្ជកម្ម​ទំនើប ។