Press "Enter" to skip to content

ជនជាតិដើម​នៅ​ជប៉ុន​ត្រូវគេបំភ្លេច

ជនជាតិ អាយនឺ (Ainu) ជា​ជនជាតិ​ដើម​មួយ​នៅប្រទេស ​ជប៉ុន ហើយ​ក៏​ជា​អ្នកតាំងទីលំនៅដំបូងបង្អស់នៅ​កោះ​ហុក​កៃ​ដូ ​ដែល​ជា​កោះ​ភាគខាង​ជើងនៃ ​ប្រទេស​ជប៉ុន ។ ទោះជាយ៉ាង​នេះក្ដី ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ ដែល​បាន​មក​លេង​ដែន​កោះនេះ ភាគច្រើន​ពុំ​ដែល​បាន​ឮដល់​ឈ្មោះ​ជនជាតិ​ អាយនឺ នោះ​ទេ ។

«នេះ ពួកខ្ញុំ​ហៅថា រោងខ្លាឃ្មុំ» ស្ត្រី​ម្នាក់​ដែល​មាន​មាឌតូចល្អិត តែ​រហ័សរហួន បាន​ស្រែក​ដាក់​អូប៉ាល័ត​​យួរដៃ ក្បាល​ពាក់មួកខៀវ ហើយ​ពាក់អាវ​ខ្លី​បាន​ប៉ាក់ផ្កាភ្ញី​ពណ៌​ផ្កាឈូក យ៉ាង​ចំលែក​ភ្នែក ។ គាត់​និយាយ​បណ្ដើរ ចង្អុល​ដៃទៅ​កាន់​សំណង់ឈើ​​មួយ​ដែល​ធ្វើ​អំពីកំណាត់មូលៗ ផុស​ចេញ​ពី​ដី ។

«ពួកយើងចាប់សត្វខ្លាឃ្មុំតូចៗ ហើយចិញ្ចឹម​ដូច​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ ឲ្យ​ស៊ី​ចំណី និង ឲ្យ​ពួក​វារស់​នៅ​ក្នុង​ភូមិ​ពួកយើង ។ ដល់ពេលវេលាកំណត់ យើងប្រលែងខ្លាឃ្មុំណាមួយក្បាល ឲ្យ​ចូលក្នុងព្រៃវិញ ហើយចំនួនដែល​នៅ​សល់ ពួក​យើងសម្លាប់ធ្វើជាអាហារ» ។

ពួកគេ​ជឿជាក់​ថា ការ​មើល​ថៃ​ខ្លាឃ្មុំ​ឲ្យ​បានល្អ ក្រោយ​មក​យក​សម្លាប់​ដើម្បី​បូជាយញ្ញចំពោះ​ព្រះអាទិទេព  នឹងជួយនាំនូវសំណាងល្អបន្តទៀតនៅក្នុងសហគមន៍របស់ពួកគេ។

Kimiko Naraki អាយុ៧០ឆ្នាំ ប៉ុន្តែមានរូបរាងក្មេងជាងវ័យជាច្រើនឆ្នាំ។ លោកស្រីជា​ស្ត្រីជនជាតិ​ដើម អាយនឺ (Ainu) ម្ចាស់ទឹកដីនៃ​កោះ​ហុក​កៃ​ដូនៅ​ភាគខាង​ជើង​​ប្រទេស​ជប៉ុន ប៉ុន្តែទឹកដីរបស់ពួកគេបានលាតសន្ធឹងពីភាគខាងជើង កោះហនស៊ឺ (កោះធំមួយ​ក្នុង​ចំណោម​កោះធំទាំង បួន បង្កើត​ទឹកដី​ជប៉ុន ស្ថិត​នៅ​កណ្ដាល  ប្រទេស កោះទាំងពីរ​ផ្សេង​ទៀត គឺ ស៊ីកូគឺ និង ឃ្យឺស៊ី) ខាងជើងទៅកោះសាហាលីននិងកោះគូរីល (ដែលសព្វថ្ងៃជាផ្នែកនៃជម្លោះរបស់សហព័ន្ធរុស្ស៊ី)។ ជនជាតិដើម អាយនឺ ត្រូវបានទទួលការចាប់អារម្មណ៍ពីបុរាណវិទូជាច្រើនដោយសារតែអត្តសញ្ញាណនៃវប្បធម៌ ភាសា និងរូបរាងកាយរបស់ពួកគេ ប៉ុន្តែអ្នកដំណើរភាគច្រើនមិនបានឭដល់ឈ្មោះជនជាតិដើម អាយនឺ នេះទេ ។ នោះដោយសារតែពួកគេត្រូវបានជិះជាន់ និងកាត់ផ្តាច់ពីសង្គមខាងក្រៅដោយការគ្រប់គ្រងរបស់ជប៉ុនអស់ជាច្រើនសតវត្សរ៍ ទោះបីជាពួកគេជាអ្នកតាំងលំនៅដំបូងបង្អស់នៅលើកោះហុកកៃដូក៏ដោយ ។

ឧទ្យានជាតិ Shiretoko នៅ ហុកកៃដូ ធ្លាប់ជាតំបន់បរបាញ់ និងនេសាទរបស់ជនជាតិដើម អាយនឺ ។ (Credit: Azuki25/Getty Images)

ជនជាតិដើមអាយនឺ (Ainu) មានប្រវត្តិសាស្រ្តដ៏ជូរចត់ ។ ដើមកំណើតរបស់ពួកគេមានភាពមិនច្បាស់លាស់ ប៉ុន្តែអ្នកស្រាវជ្រាវមួយចំនួនបានជឿថាពួកគេមានដើមកំណើតមកពីជនជាតិដើមដែលធ្លាប់រស់នៅពាសពេញទ្វីបអាស៊ីខាងជើង ។ អាយនឺ ហៅឈ្មោះកោះហុក​កៃ​ដូថា «អាយនូ ម៉ូស៊ីរី» (Land of the Ainu) ។ ហើយមុខរបរចិញ្ចឹមជីវិតរបស់ពួកគេគឺ ការបរបាញ់រកចំណីនិងនេសាទដូចជាជនជាតិដើមភាគតិចជាច្រើនដទៃទៀតនៅលើពិភពលោកផងដែរ។ ពួកគេភាគច្រើនរស់នៅតាមបណ្តោយឆ្នេរភាគខាងត្បូងនៃកោះហុកកៃដូ ហើយបានធ្វើពាណិជ្ជកម្មជាមួយជនជាតិជប៉ុន ។ ប៉ុន្តែបន្ទាប់ពីការស្តារឡើងវិញនៃរបបម៉ីជី (ប្រហែលជា ១៥០ ឆ្នាំមុន) ប្រជាជនជប៉ុនមកពីកោះធំមួយ​ក្នុង​ចំណោម​កោះធំទាំង ៤ បានចាប់ផ្តើមធ្វើចំណាកស្រុកទៅកោះហុកកៃដូនៅពេលដែលប្រទេសជប៉ុនបានធ្វើអាណានិគមលើកោះភាគខាងជើង និងការអនុវត្តន៍ច្បាប់យ៉ាងរើសអើងដូចជាច្បាប់ស្ដីពីការពារជនជាតិ អាប៊ែរីហ្គីន នៅហុកកៃដូឆ្នាំ ១៨៩៩ បានធ្វើឲ្យជនជាតិដើម អាយនឺ ផ្លាស់ទីលំនៅពីទឹកដីដើមរបស់ពួកគេទៅតំបន់ព្រៃភ្នំនៅកណ្តាលកោះ ។

«វាគឺជារឿងដែលអាក្រក់មួយ» ជាពាក្យរបស់សាស្រ្តាចារ្យ គុណនីហ៊ីកូ យូស៊ីដា (Kunihiko Yoshida) ជាសាស្រ្តចារ្យផ្នៃកច្បាប់នៃសកលវិទ្យាល័យហុកកៃដូ ។

«ដោយការបង្ខិតបង្ខំឲ្យប្ដូរមុខរបរទៅក្នុងវិស័យកសិកម្ម ពួកគេលែងមានសិទ្ធិនេសាទត្រីសូម៉ុងនៅក្នុងទន្លេ និងបរបាញ់សត្វក្ដាន់នៅលើដីរបស់ពួកគេ» លោកសាស្រ្តាចារ្យ Yoshida និយាយ ។ ពួកគេត្រូវបានតម្រូវឲ្យដាក់ឈ្មោះជាភាសាជប៉ុន និយាយភាសាជប៉ុន ហើយប្រពៃណីរបស់ពួកគេត្រូវបានដកចេញបន្តិចម្ដងៗ សូម្បីតែពិធីគោរពបូជាយញ្ញសត្វខ្លាឃ្មុំជាទីស្រលាញ់របស់ពួកគេ ។ ដោយសារតែការស្អប់ខ្ពើមនិងការមាក់ងាយ ជនជាតិដើមភាគតិច អាយនឺ ជាច្រើនបានលាក់បាំងពីដើមកំណើត និងដូនតារបស់ពួកគេ ។ ហើយផលប៉ះពាល់យូរជាអង្វែងនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាសព្វថ្ងៃនេះ ប្រជាជនជនជាតិដើម អាយនឺ នៅតែមានជីវភាពក្រីក្រ ហើយត្រូវបានគេកាត់ផ្ដាច់ចេញពីផ្នែកនយោបាយ និងចំណេះដឹងពីដូនតារបស់ពួកគេជាច្រើនត្រូវបានបាត់បង់ ។

ក្នុងចំណោមការអនុវត្តច្បាប់មិនត្រឹមត្រូវផ្សេងទៀត អ្នកស្រាវជ្រាវជនជាតិជប៉ុនជាច្រើនបានរឹបអូសយកផ្នូរជនជាតិដើម អាយនឺ ចាប់ពីចុងសតវត្សទី១៩ ដល់ទសវត្សឆ្នាំ១៩៦០ ដែលវាជាការប្រមូលយកដ៏ធំមួយសម្រាប់ការសិក្សាស្រាវជ្រាវរបស់ពួកគេ ប៉ុន្តែមិនដែលប្រគល់ឆ្អឹងទាំងនោះទៅកាន់ជនជាតិដើម អាយនឺ វិញទេ ។

ជនជាតិដើម អាយនឺ សាងសង់ផ្ទះរបស់ពួកគេកៀកដងទន្លេ ឬសមុទ្រដែលជាតំបន់សំបូរទៅដោយប្រភពទឹក និង មានសុវត្ថិភាពពីគ្រោះធម្មជាតិ ។ (Credit: Toshifumi Kitamura/Getty Images)

ថ្មីៗនេះ អ្វីៗចាប់ផ្ដើមប្រសើរឡើងសម្រាប់ជនជាតិដើមអាយនឺ ។ នៅខែមេសា ឆ្នាំ ២០១៩ អាយនូត្រូវបានគេទទួលស្គាល់ថាជាជនជាតិដើមភាគតិចរបស់ប្រទេសជប៉ុនដោយរដ្ឋាភិបាលជប៉ុន បន្ទាប់ពីការពិភាក្សាអស់ជាច្រើនឆ្នាំ ដែលទទួលបានលទ្ធផលវិជ្ជាមានទៅដល់ការកោតសរសើរអំពីវប្បធម៌ និងលើកតម្កើនមោទនភាពដល់ភាសា និងកេរ្តិ៍តំណែលរបស់ពួកគេ ។

«វាពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ជនជាតិដើម អាយនឺ ហើយបន្សល់ទុកវាសម្រាប់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីសង្គមដែលមានភាពរស់រវើកជាមួយនឹងគុណតម្លៃផ្សេងៗ» ដែលជាប្រសាស្រ្តរបស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga ដែលបានចុះផ្សាយដោយគេហទំព័រ The Straits Times ។

Naraki បានបន្តបង្ហាញយើងអំពីភូមិរបស់អាយនឺ (Ainu kotan) ។ នាងបានចង្អុលទៅកាន់កន្លែងមួយដែលធ្វើអំពីឈើ «នេះគេជាបន្ទប់ទឹកបុរស» នាងនិយាយដោយស្នាមញញឹម ។ ហើយនៅក្បែរនោះមានខ្ទមតូចមួយ «មួយនេះគឹជាបន្ទប់ទឹកសម្រាប់នារី» ។

Naraki រៀបរាប់ទៀតថា ៖ «ខ្ញុំចង់ប្រាប់ទៅពិភពលោកថា ប្រទេសជប៉ុនគឺមានជនជាតិដើមភាគតិចរស់នៅ» ។ ណារ៉ាគីជាអ្នកដឹកនាំដំណើរទេសចរណ៍នៅក្នុងភូមិនេះដើម្បីបង្រៀនភ្ញៀវទេសចរអំពីវប្បធម៌របស់នាង ។ វាគឺជាផ្នែកមួយនៃ Sapporo Pirka Kotan (មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ជនជាតិដើម អាយនឺ) ដែលវាជាទីកន្លែងដំបូងបង្អស់ដែលបង្ហាញអំពីជនជាតិដើម ដែលភ្ញៀវទេសចរណ៍អាចស្គាល់អំពីសិប្បកម្ម ការសម្ដែងរបាំប្រពៃណី និងបទពិសោធន៍ដែលយើងអាចស្រមៃឃើញនូវជីវិតរស់នៅរបស់ជនជាតិដើម អាយនឺ នៅពេលដែលទីនេះនៅជាទីរហោស្ថានដែលមានតែមនុស្សរស់នៅលើដីជាមួយធម្មជាតិ ។ ស្ថិតនៅចំងាយប្រមានជា ៤០ នាទី ពីទីប្រជុំជន Sapporo ដែលជាទីក្រុងរបស់កោះហុកកៃដូ មជ្ឈមណ្ឌលនេះបានបើកដំណើរការនៅឆ្នាំ ២០០៣ ដើម្បីបង្រៀនជនជាតិជប៉ុនជាមួយនឹងភ្ញៀវទេសចរណ៍បរទេស និងដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យបានស្គាល់ពីវប្បធម៌របស់ជនជាតិដើម អាយនឺ ។

«៩៧% នៃជនជាតិដើម អាយនឺ គឺរស់នៅខុសច្បាប់ ប៉ុន្តែភ្ញៀវទេសចរណ៍ដែលមកទស្សនានៅទីនេះគឺមានមោទនភាពខ្លាំណាស់ចំពោះវប្បធម៌របស់ជនជាតិដើមទាំងនោះ» ជាពាក្យរបស់លោក Jeffry Gayman ជានរវិទូផ្នែកអប់រំ (educational anthropologist) នៅសកលវិទ្យាល័យហុកកៃដូដែលបានធ្វើការជិតស្និតជាមួយជនជាតិដើម អាយនឺ អស់រយៈពេល១៥ឆ្នាំមកហើយ ។

នៅពេលដែលជនជាតិដើម អាយនឺ ត្រូវបានគេបញ្ចូលទៅក្នុងសង្គមរបស់ ប្រទេសជប៉ុន ការចាក់សាក់តាមបែបប្រពៃណី និងទំនាមទំលាប់ផ្សេងៗរបស់ពួកគេត្រូវបានហាមឃាត់ ។ (Credit: Michele and Tom Grimm/Alamy)

មោទនភាពរបស់ជនជាតិដើម អាយនឺ ត្រូវបានគេដាក់បង្ហាញនៅឯសារមន្ទីរតូចមួយរបស់មជ្ឈមណ្ឌលដែលវត្ថុបុរាណរបស់ពួកគេមានដូចជាសម្លៀកបំពាក់ប្រពៃណី និងវត្ថុប្រើប្រាស់ផ្សេងៗ ។ នៅជាន់លើមានបន្ទប់សម្រាប់អ្នកទស្សនាដើម្បីជាកន្លែងចូលរួមសិក្ខាសាលាអំពីជំនាញដេរប៉ាក់ ឬ រៀនអំពីរបៀបធ្វើឧបករណ៍តន្រ្តីបុរាណរបស់ អាយនឺ ហៅថា mukkuri (ពិណមាត់ធ្វើពីដើមឬស្សី)។ តាមរយៈការធ្វើព្រឹត្តិការណ៍នានា សមាជិកនៅក្នុងសហគមន៍អាចមានឱកាសបង្ហាញទៅកាន់ពិភពលោកកាន់តែខ្លាំងពីប្រវត្តិសាស្រ្ត និងស្ថានភាពរបស់ពួកគេ ។

«នៅពេលដែលខ្ញុំប្រាប់មនុស្សផ្សេងៗអំពីសិទ្ធិ និងអំណាចរបស់អាយនឺ គឺមិនមានអ្នកណាចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅពេលដែលពួកគេបានឃើញការរាំរបាំ និងភ្លេងប្រពៃណីរបស់ពួកយើង វាបានធ្វើឲ្យគេចាប់អារម្មណ៍ក្នុងសិក្សាបន្ថែមអំពីពួកយើង» ជាការបកស្រាយរបស់លោក Ryoko Tahara ដែលសកម្មជន និងជាប្រធានសមាគមស្រ្តីជនជាតិដើមភាគតិចអាយនឺ ។

ទោះបីជាមជ្ឈមណ្ឌលមួយនេះ គឺជាជំហានសំខាន់ក្នុងការចែករំលែកវប្បធម៌របស់ជនជាតិ អាយនឺ ទាំងជាតិ និងអន្តរជាតិក៏ដោយ ប៉ុន្តែមិនមានអ្នកណាម្នាក់រស់នៅទីនេះនោះទេ ។ ភូមិនេះគេគ្រាន់តែបង្កើតឡើងដើម្បីបង្ហាញអំពីជីវិតរស់នៅពីមុនរបស់ អាយនឺ ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ភ្ញៀវទេសចរណ៍ដែលទស្សនាដោយយកចិត្តទុកដាក់អាចនឹងមើលឃើញពីដានវប្បធម៌របស់ពួកគេនៅគ្រប់ទីកន្លែង ។ កន្លែងជាច្រើននៅលើកោះហុកកៃដូមានឈ្មោះពីប្រភពដើមរបស់អាយនូទាំងអស់ដូចជា «Sapporo» ដែលមកពីភាសាអាយនូថា «sat» មានន័យថាស្ងួត ហើយ «poro» មានន័យថាធំ និង «pet» មានន័យថាទន្លេ ដោយសារតែវាមានទីតាំងស្ថិតនៅទន្លេ Toyohira ឬ Shiretoko ដែលវាជាឧបទ្វីបដែលយើងអាចមើលឃើញយ៉ាងច្បាស់ពីទិសខាងជើងឆៀងខាងកើត ដែលអាចបកប្រែបានថា «of the ground» (siri) និង «protruding point» (etuk) ។

ជនជាតិដើម អាយនឺ ចាត់ទុកសត្វខ្លាឃ្មុំជាសត្វសម្រាប់គោរពបូជា ហើយបានបញ្ចូលរូបខ្លាឃ្មុំទៅក្នុងរចនាបទស្ថាបត្យកម្ម និងប្រពៃណីរបស់ពួកគេ ។ (Credit: DEA/W BUSS/Getty Images)

ហើយមោទនភាពរបស់ អាយនឺ គឺមើលឃើញនៅក្នុងព្រឹត្តិការណ៍ដូចជា ពិធីបុណ្យប្រចាំឆ្នាំ «Marimo Festival» នៅឯបឹង Akan និងពិធីបុណ្យ «Shakushain» នៅឯ Shizunai ។ ហើយមានក្រុមដូចជា «កម្រោងសិល្បៈអាយនូ» ឬ «Ainu Art Project» មានសមាជិក ៤០ នាក់ ក្នុង ១ ក្រុម ហើយពួកគេចែករំលែកវប្បធម៌របស់ អាយនឺ តាមរយៈក្រុមតន្រ្តីរបស់ពួកគេគឺ «Ainu and rock fusion band» ហើយនិងសិល្បៈនិងសិប្បកម្មធ្វើដោយដៃ ។  ភោជនីយដ្ឋានដូចជា Kerapirka ស្ថិតនៅ Sapporo បម្រើអាហារបែបប្រពៃណីរបស់អាយនឺ និងដើរតួជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ក្នុងស្រុក ។

«អ្នកអាចមើលឃើញពីតម្លៃរបស់ជនជាតិដើម អាយនឺ នៅគ្រប់កន្លែងដែលពួកគេជួបជុំគ្នា មិនថានៅក្នុងផ្ទះរបស់ពួកគេ នៅតំបន់ណាមួយក្នុងភូមិ ឬ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ។ ប៉ុន្តែអ្នកត្រូវតែដឹងឲ្យច្បាស់ថាអ្នកកំពុងតែស្វែងរកអ្វី» និយាយដោយលោក Gayman ។ គាត់បានបន្តទៀតថា «ការមានចិត្តល្អនិងបដិសណ្ឋារកិច្ចគឺជាគោលការណ៍ចំបងរបស់អាយនូ ហើយពួកគេជាមនុស្សដែលមានចិត្តទូលាយ» ។

ជនជាតិដើម អាយនឺ ក៏កំពុងតែលេចធ្លោនៅលើឆាកជាតិផងដែរ ដែលសកម្មជនលោក Kayano Shigeru ត្រូវបានជាប់ឆ្នោតជាសមាជិកសភារបស់ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៤ ជាកន្លែងដែលគាត់បានបម្រើការអស់ប្រាំអាណត្តិ ។ ហើយរឿងភាគតុក្កតា (manga series) ដ៏ល្បីឈ្មោះ «Golden Kamuy» បានជំរុញឲ្យវប្បធម៌របស់ អាយនឺ ក្លាយជាការយកចិត្តទុកដាក់របស់ជាតិក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ។

Tahara បាននិយាយថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនបានងាកមកចាប់អារម្មណ៍លើជនជាតិដើម អាយនឺ ហើយវាបានក្លាយជាប្រធានបទក្តៅនៅក្នុងប្រទេសជប៉ុន» គាត់បានបន្តទៀតថា «ខ្មុំពិតជាមានមោទនភាពដែលមនុស្សជាច្រើនបានស្គាល់ជនជាតិដើម អាយនឺ ប៉ុន្តែយើងនៅតែមានការងារជាបន្តទៀតដែលត្រូវធ្វើ» ។

ភ្ញៀវទេសចរអាចមកទស្សនា Sapporo Pirka Kotan ដើម្បីទទួលបានបទពិសោធន៍ពីសិប្បកម្មដោយដៃ ទស្សនាការរាំតាមបែបប្រពៃណី និងជីវិតរស់នៅតាមបែបប្រពៃណីរបស់ អាយនឺ ។ (Credit: Ellie Cobb)

ដើរដល់ជំហានចុងក្រោយនៅក្នុងសហគមនេះ គឺជាកន្លែងដែលដំណាងឲ្យភាពសុខដុមនីយកម្ម (Symbolic Space for Ethnic Harmony) ស្ថិតនៅ Shiraoi កោះហុកកៃដូ ដែលកំពុងសាងសង់ដោយរដ្ឋាភិបាល ដើម្បីធ្វើជាកន្លែងសម្រាប់បង្ហាញនូវវប្បធម៌របស់អាយនឺ ។ បង្កើតឡើងដោយសារមន្ទីរជាតិជនជាតិដើម អាយនឺ ឧទ្យានជាតិសម្រាប់សុខដុមនីយកម្ម និងជាទីកន្លែងសម្រាប់ចងចាំ ត្រូវបានកំណត់នឹងបើកឲ្យដំណើរការនៅខែមេសា ឆ្នាំ ២០២០ ប៉ុន្តែត្រូវបានពន្យាពេលដោយសារបញ្ហាកូវីដ ១៩ ។

ទោះយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿជាក់ថាការទទួលស្គាល់សហគមន៍នាពេលថ្មីៗនេះ គឺមិនគ្រប់គ្រាន់នោះទេ ការនិយាយតាមបបូរមាត់ វាគឺជាកិច្ចការរបស់រដ្ឋាភិបាលប៉ុណ្ណោះ ដោយពួកគេបានបរាជ័យក្នុងការផ្ដល់នូវសិទ្ធិរឹងមាំ និងច្បាស់លាស់ដល់ជនជាតិដើមរស់នៅប្រទេសជប៉ុន។

«ជនជាតិដើម អាយនឺ នៅតែមិនអាចនេសាទត្រីសូម៉ុង ហើយទំនប់វារីអគ្គិសនីនៅតែត្រូវបានសាងសង់ដែលធ្វើឱ្យលិចលង់កន្លែងសក្ការៈបូជា» លោក Yoshida បាននិយាយ ។ «មិនមានទេការប្តេជ្ញាចិត្ត សិទ្ធិសមូហភាព និងសំណង វាគ្រាន់តែជាវប្បធម៌នៃការសម្ដែងប៉ុណ្ណោះ» ។

«ការទទួលស្កាល់គឺជានិមិត្តមួយ ប៉ុន្តែមិនសូវមានន័យនោះទេ» គាត់សើចដោយទឹកមុខសោកសៅ ដោយឃើញថាប្រទេសជប៉ុន គឺស្ថិតនៅស្តង់ដារទាបជាងពិភពលោកក្នុងការទទួលខុសត្រូវទៅលើជនជាតិដើម ។ គាត់បន្ថែមថា «វាជាស្ថានភាពមួយដែលគួរឱ្យអាម៉ាស់ ហើយវាគឺជាការពិត» ។

ដូចដែលខ្ញុំបានដើរតាម Naraki នៅក្នុងដំណើរទេសចរណ៍នេះ វាហាក់ដូចជាច្បាស់ណាស់ដែលរឿងទាំងនេះបានកើតឡើង ។ ទោះជាយ៉ាងណាក៏ដោយ ចំណាប់អារម្មណ៍របស់សាធារណៈជនមកលើវប្បធម៌របស់ អាយនឺ គឺមានទំហំធំធេង ។ ក្រុមទេសចរណ៍ជនជាតិជប៉ុន និងក្រុមទេសចរណ៍ដទៃទៀតដែលធ្វើដំណើរមកដល់តាមរយៈឡានទេសចរណ៍ពី Sapporo បានប្រជ្រៀតគ្នាដើម្បីថតរូបនៅមុខ «pu» ដែលជាខ្ទមសម្រាប់ផ្ទុកអាហារដែលមានទីតាំងស្ថិតនៅទល់មុខផ្ទាល់ «poro-ci-set» ជាកន្លែងដែលមេភូមិស្នាក់នៅដើម្បីមើលការខុសត្រូវទៅលើកន្លែងផ្ទុកអាហាររបស់សហគមនោះ។ «ចាស់ៗអាចដោះស្រាយបញ្ហានិងជម្លោះផ្សេងៗដែលកើតមាននៅក្នុងភូមិ» ជាពាក្យរបស់ Naraki ។ បើមិនមានភាគីណាយល់ព្រម គេនឹងពិភាក្សារយៈពេល៣ថ្ងៃ ៣យប់ដើម្បីធ្វើការសម្រេចចិត្ត ។

សម្លៀកបំពាក់ប្រពៃណីរបស់ អាយនឺ ត្រូវបានធ្វើឡើងដោយស្បែកសត្វ ឬត្រី ឬត្បាញដោយមែកឈើ ឬសរសៃឈើ ។ (Credit: DeAgostini/Getty Images)

នាងបានពន្យល់អំពីរបៀបដែលជនជាតិ អាយនឺ ផ្សារភ្ជាប់ជីវិតទៅនឹងទឹកដីរបស់ពួកគេ ។ Kotans នឹងត្រូវបានសាងសង់នៅតាមដងទន្លេ ឬសមុទ្រដែលទឹកមានច្រើន និងមានសុវត្ថិភាពពីគ្រោះមហន្តរាយធម្មជាតិ ។ អាហារដែលពួកគេរក ឬបរបាញ់មានជាតិប្រតេអ៉ីនខ្ពស់ដូចជាត្រីសូម៉ុង ក្ដាន់ និងខ្លាឃ្មុំ ។ ពួកគេបេះស្មៅព្រៃ បន្លែ ផ្សិត និងផ្លែប៊ឺរី ។ ពួកគេមិនដែលបេះអ្វីគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ ហើយតែងតែទុកឫសដើម្បីឲ្យរុក្ខជាតិអាចលូតលាស់ឡើងបន្តទៀតបាន ។ អាហាររបស់គេមានលក្ខណៈសាមញ្ញ ដោយមានតែខ្លាញ់របស់សត្វ រុក្ខជាតិខេប (kelp) និងអំបិលសម្រាប់ជាគ្រឿងផ្សំ ។ សម្លៀកបំពាក់របស់ពួកគេធ្វើពីស្បែកសត្វឫស្បែកត្រីឫត្បាញជាមួយនឹងសំបកឈើឫសរសៃរុក្ខជាតិ (nettle fibres) ។

ការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិគឺជាជីវិតដែលជនជាតិដើម អាយនឺ ជាច្រើនចង់បានត្រលប់មកវិញ ។ «នៅទីបញ្ចប់ អ្វីដែលខ្ញុំចង់បាននោះគឺដីមួយចំនួនត្រលប់មកវិញ ដូច្នេះយើងបរបាញ់និងនេសាទត្រីដោយសេរី ក៏ដូចជាការធ្វើកសិកម្មបែបប្រពៃណីរបស់យើងផងដែរ» ជាពាក្យរបស់ Tahara ។

តើក្ដីសង្ឃឹមអ្វីទៀតដែលអ្នកចង់បាននូវពេលអនាគត? ខ្ញុំសួរទៅកាន់ Tahara ។

«ខ្ញុំចង់ប្រាប់ទៅកាន់ពិភពលោកថាប្រទេសជប៉ុនក៏មានជនជាតិដើមដែរ ដែលមនុស្សជាច្រើនមិនបានដឹង ។ ខ្ញុំចង់អោយយើងទាំងអស់គ្នាគោរពគ្នាទៅវិញទៅមក និងរស់នៅដោយសុខសាន្តនៅក្នុងប្រទេសមួយនេះ ហើយជាការពិតណាស់ខ្ញុំចង់បាមឆ្អឹងដូនតារបស់ពួកយើងវិលត្រឡប់មកវិញ និងយកទៅដាក់ក្នុងផ្នូរដែលគេបានយកចេញ» ។

ប្រភព ៖ bbc.com