Press "Enter" to skip to content

វៀតណាម​ទទួល​ស្គាល់​បាន​ចាប់​ខ្លួន​អ្នក​ផ្សព្វផ្សាយសិទ្ធិ​ជនជាតិ​ដើម​​

RIPVN |  ក្នុង​សេចក្ដី​ថ្លែងការណ៍មួយដែល​តំណាង​វៀតណាម​ប្រចាំ​អង្គការ​សហប្រជាជាតិ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែ​ទើប​បតែ​បាន​ផ្សាយ​ចេញ​ជា​សាធារណៈ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ ប្រទេស​នេះ​បាន​ទទួលស្គាល់ថា បូលិស​បាន​ចាប់ខ្លួន​សកម្មជន​គាំទ្រ​សិទ្ធិ​ជនជាតិ​ដើម​ម្នាក់​ដោយសារ​តែ​បុគ្គល​រូប​នេះបាន​ចម្លង​ និង​ចែក​រំលែក​​ច្បាប់បកប្រែ​នៃ សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម។

លោក យឿង ខាយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជាយុវជនខ្មែរក្រោមមួយរូប​ ដែលសកម្មក្នុងការ​លើកស្ទួយការយល់ដឹង​អំពីសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម និយាយដោយឡែក និង​នៅប្រទេសវៀតណាម និយាយរួម។ 

យ៉ាងណាមិញ វៀតណាម​បាន​អះអាងថាយុវជន​ខ្មែរក្រោម​រូបនេះ ត្រូវបានចាប់ខ្លួនពីបទរក្សាច្បាប់ចម្លងនៃសេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម​​ដោយ​រំលោភលើ​ច្បាប់សារព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​វៀតណាម ហើយមាន​បំណង​ចង់​បង្កើតចលនា​បំបែកទឹកដី​ បំផ្លាញ​សាមគ្គី​ភាព​រវាង​បណ្ដាជនជាតិ​ក្នុង​ប្រទេស ​។

គួររំឭកផងថា សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមបាន​បញ្ជាក់ពីបទដ្ឋាន​សិទ្ធិមនុស្សសាកល និង​សេរីភាព​ជា​មូលដ្ឋាន​ដែលជាលក្ខខណ្ឌជាក់លាក់យ៉ាងច្បាស់របស់ជន​ជាតិ​ដើម ​​ត្រូវបានអនុម័តកាលពីថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០០៧ ដោយ​មាន​ការ​គាំទ្រពីប្រទេស១១៤ ។ វៀតណាម​ក៏​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសគាំទ្រ​សេចក្ដីប្រកាស​នេះ​ផងដែរ ។ 

យ៉ាងណាមិញ វៀតណាម​តែងតែបដិសេធថា ពុំ​មាន​ទេជនជាតិដើម​នៅ​វៀតណាម ដោយ​រំលោភ​ការពិត​គឺ មាន​ជនជាតិដើម​ប្រមាណជិត ១៥ ភាគរយ ​នៃ​ប្រជាជន​សរុប ក្នុងនោះ សហគមន៍​ជនជាតិ​ដើម​ដែល​ធំ​ជាង​គេគឺ ខ្មែរក្រោម​។ 

ការ​បដិសេធ​ពី​វត្តមាន​នៃ​ជនជាតិ​ដើម​នៅ​លើ​ទឹក​ដី​វៀតណាម​បាន​បង្កផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សហគមន៍​ជនជាតិ​ដើម​ទាំង​នោះ​។