Press "Enter" to skip to content

លោក ហ៊ុញ វ៉ាន់ឌែប ត្រូវបាន​នៅ​ក្រៅឃុំ

RIPVN | លោក ហ៊ុញ វ៉ាន់ឌែប សកម្មជន​ដីធ្លី​ខ្មែរក្រោម​មួយ​រូប ដែល​ត្រូវបានអាជ្ញាធរ​ខេត្ត​ក្រមួនស (ស្រុក​ហ្សាងថាញ់ ខេត្ត​គៀនហ្សាង) ចាប់​ខ្លួន​កាល​ពីរាត្រីទី៧ ខែមិថុនា កន្លង​នេះ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅឃុំ​ហើយ ។ 

ក្រុមគ្រួសារលោក ឌែប បាន​បញ្ជាក់​ថា បរុសរូបនេះត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះវិញ​នៅ​ថ្ងៃទី៤​ ខែសីហា ឆ្នាំ២០២០ ក្រោយ​ពី​អស់​រយៈពេល ៣ ខែ​ ត្រូវ​ឃុំគ្រង​ពី​សំណាក់អាជ្ញាធរ​យួន ។ 

ការ​ដោះលែង​នេះ​បាន​ធ្វើ​ឡើង​ដោយសារតែអាជ្ញាធរ​ពុំ​រកឃើញ​ភស្តុតាង​ចោទប្រកាន់​លោក​ឡើយ ។ 

ទោះបីយ៉ាងណាក្ដី គ្រួសារលោក ឌែប បាន​ឲ្យ​ដឹង​បន្ថែមថា ការដោះលែង​នេះ គឺ​ជា​ការ​ឲ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ទេ ពោលគឺ​លោក នៅ​តែ​ជា​ជន​សង្ស័យ ហើយ​ត្រូវ​បង្ហាញ​ខ្លួន​​នឹង​អាជ្ញាធរ​ភូមិ ឃុំរៀងរាល់​ខែ ។ 

ក្រោយ​ពី​មាន​ការចាប់ខ្លួន​លោក ហ៊ុញ វ៉ាន់ឌែប កាលពីដើម​ខែ​មិថុនា អង្គការ​ខ្មែរក្រោម​ជាច្រើន ព្រមទាំង​អង្គការប្រជាជាតិ​គ្មាន​តំណាង (UNPO) បាន​ទាមទារ​ឲ្យអាជ្ញាធរក្រុងហាណូយ​ដោះលែង​សកម្មជន​រូប​នេះ​ជា​បន្ទាន់​ ដោយ​មិន​ត្រូវ​ជាប់​បទ​ប្រកាន់ណាឡើយ ។ 

រីឯ គ្រួសារលោក ឌែប ក៏​បាន​ទាមទារឲ្យអាជ្ញាធរ​ទំលាក់រាល់ការចោទប្រកាន់ ដោយអះអាង​ថាពួកគេ​ជា​ប្រជារាស្ត្រ​ស្លូតត្រង់ ពុំ​មាន​ប្រព្រិត្ត​អំពើខុស​ច្បាប់ណាមួយឡើយ ។