Press "Enter" to skip to content

វៀតណាម​ចាប់ចង​ខ្មែរក្រោម​ម្នាក់​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម

ខ្មែរក្រោម​ម្នាក់​នៅ​ព្រះត្រពាំងត្រូវប៉ូលិសយួន​ចាប់ចង​ ដោយសារ​តែ​បាន​បង្ហោះរូប​ហូជីមិញ និង​​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ទឹកដីកម្ពុជាក្រោម

RIPVN | លោក ថាច់ រីន ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​ស្រុក​ថ្កូវ​ខេត្ត​ព្រះត្រពាំង កម្ពុជាក្រោម (យួយ​ហៅថា ចាគូ ចាយិន) ត្រូវ​នគរបាល​យួន​ចាប់​ចង​កាល​ពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ២០២១ ដោយ​ចោទប្រកាន់​ពី​បទ​ល្មើស​ជា​ច្រើន ក្នុង​នោះ​មាន​បទ «ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​រដ្ឋ ស្ថាប័ន និង​បុគ្គល» ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខេត្ត​ចាយិន លោក​ ថាច់ រីន បាន​ «ប្រមាថ​មេដឹកនាំ» ដោយសារ​តែ​លោក រេន បាន​កាត់​ត​រូប ហូជីមិញ «មាន​លក្ខណៈ​ប្រមាថ​មេដឹកនាំ» ។

ក្នុង​ទំព័រ​ហ្វែសប៊ុក មានឈ្មោះ «Thach Rine» ឃើញ​មាន​បង្ហោះ​រូប​ជីវចល (gif) ​មួយ មាន​រូប​បុរស​ចំណាស់​ម្នាក់ ដែល​គេ​ជឿ​ថា ហូជីមិញ បាន​ប្រែ​រូប​សន្សំ​ៗ ទៅ​ជា​រូប​អាក្រក់​ដូច​ជា​ព្រាយ ។

ពួក​នគរបាល និង​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម​បាន​ផ្សាយ​យ៉ាង​ព្រោងព្រាត​ថា «បុគ្គល ថាច់ រីន បាន​ទទួល​ស្គល់​ថា​ខ្លួន​បាន​បង្ហោះ​រូប​នេះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​មួលបង្កាច់​អំពី​ប្រវត្តិសាស្ត្រ​ដែនដី​ភូមិភាគ​និរតី» (ដែល​ជា​ពាក្យ​យួន​ហៅ​ចំណែក​ខាង​ត្បូង​នៃ​ទឹកដី​កម្ពុជា​ក្រោម» ។

លោក ថាច់ រីន អាយុ ៦១​ឆ្នាំ ជា​សាសនិក​នៃ​សាសនា​ព្រះយេស៊ូ​មួយ​រូប ធ្លាប់​មាន​សកម្មភាព​មនុស្សធម៌ និង​សង្គម​ក្នុង​សហគមន៍​ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​ព្រះត្រពាំង ។

កាល​ពី​ខែ​កក្កដា ឆ្នាំ២០២១ លោក ថាច់ រីន ក៏​ធ្លាប់​ត្រូវ​អាជ្ញាធរ​យួន​ចាប់​ខ្លួន រឹប​យក​ទូរស័ព្ទ​ដៃ និង​អាវយឺត ចំនួន ៣ ក្នុង​នោះ មាន​អាវ​យឺត​មួយ​មាន​រៀបរាប់​អំពី​គោលដៅ​អភិវឌ្ឍន៍​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​វៀតណាម​ទទួលស្គាល់ និង​អាវ​យឺត​មួយ​ទៀត​មាន​រូប​ផែនទី​កម្ពុជាក្រោម រួម​ទាំង​អក្សរ​ខ្មែរ «ខួប ៧២ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ទឹក​ដី​កម្ពុជាក្រោម​ឲ្យ​ទៅ​យួន»

សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​នគរបាល​វៀតណាម​អះអាង​ថា ពួកគេ​បាន​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា​លោក ថាច់ រីន ជា​ញឹកញាប់​បាន​បង្ហោះ និង​ចែក​រំលែក​សញ្ញា អត្ថបទ ឯកសារ​ដែល​មាន​ពាក់ព័ន្ធ​នឹង​អង្គការ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​អង្គការ​ណា​នោះ​ទេ ។

ខ្មែរក្រោម​ជា​ជនជាតិ​ម្ចាស់​ទឹកដី​នៃ​ដែន​ដី​កម្ពុជាក្រោម ភាគច្រើន​កាន់​សាសនា​ព្រះពុទ្ធ និង​មាន​មួយ​ចំនួន​តូច​កាន់​សាសនា​ព្រះយេស៊ូ ប៉ុន្តែ​ពួកគេ​តែងតែ​ខិតខំ​រក្សា​ទំនៀមទម្លាប់ វប្បធម៌ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ​ខ្មែរ ។

រដ្ឋាភិបាល​វៀតណាម​ជានិច្ចកាល​រិះរក​មធ្យោបាយ​រិតត្បិត​មិន​ឲ្យ​ខ្មែរក្រោម​ស្គាល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន និង​មិន​ញញើត​ដៃ​ចាប់​ចង់​អ្នក​ណា​ហ៊ាន​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រ​ដែល​បាន​តាម​ការ​កំណត់​របស់​បក្ស​កុម្មុយនិស្ត​យួន ។

ដាណែត