
RIPVN | អង្គការសហប្រជាជាតិបកប្រែឯកសារស្តីពីសិទ្ធិមនុស្សទៅជា ភាសាទំពួន ក្នុងគោលបំណងជួយជនជាតិទំពួនក្នុងកម្ពុជាឲ្យបានយល់ដឹងអំពីសិទ្ធិក្នុងការចូលរួមអភិវឌ្ឍសហគមន៍របស់ពួកគេ ។
ឯកសារបកប្រែស្តីពីសិទ្ធិមនុស្សនេះគឺជាឯកសារដំបូងបង្អស់ដែលត្រូវបានបកប្រែជាភាសាជនជាតិដើមនៅកម្ពុជា ដោយមានការគាំទ្រពីវិទ្យាស្ថាន រ៉ាអ៊ុលវ៉ាលេនប៊ឹក (RWI Cambodia) ។
ឯកសារបកប្រែនេះផងដែរ គឺជាការបកប្រែ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (UDHR) ដែលជាធម្មនុញ្ញនៃស្តង់ដារសិទ្ធិមនុស្សត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៨ ដែលបញ្ជាក់អំពី «មូលដ្ឋានគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក» ។
ក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សក្នុងភាសាទំពួនជាផ្លូវការ លោក អាល់លី អាល ណាសានី (Ali Al Nasani) ប្រធានវិទ្យាស្ថាន RWI Cambodia មានប្រសាសន៍ថា ជនជាតិដើមទំពួនចំនួនបីមុឺន (៣០ ០០០) នាក់រស់នៅលើទឹកដីកម្ពុជា មិនសូវមានចំណេះដឹងអំពី សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនោះទេ ។
ដើម្បីឲ្យមានភាពងាយស្រួល និងប្រសិទ្ធិភាពក្នុងការចែករំលែកចំណេះដឹងទាំងនេះទៅកាន់ជនជាតិដើមទំពួន RWI Cambodia ក៏បានរៀបចំឯកសារជាសំឡេង រួមជាមួយការបោះពុម្ពជាសៀវភៅ សម្រាប់ចែកចាយឲ្យបានគ្រប់តំបន់ដែលជនជាតិដើមទំពួនរស់នៅ ។
លោក អាល់លី អាល ណាសានី ក៏បានបង្ហាញពីគម្រោងបកប្រែ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស នេះទៅជាភាសាជនជាតិដើមដទៃទៀតក្នុងថ្ងៃខាងមុខផងដែរ ។
ពាក់ព័ន្ធនឹងការបកប្រែឯកសារជាភាសាជនជាតិដើម លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល បានឲ្យដឹងថា ការបកប្រែសៀវភៅច្បាប់បែបនេះ ជាមធ្យោបាយល្អបំផុតសម្រាប់ជនជាតិដើមទំពួននៅកម្ពុជាបានយល់ដឹងអំពីសិទ្ធិរបស់ពួកគេ ក៏ដូចជាសិទ្ធិក្នុងការចូលរួមអភិវឌ្ឍសង្គម និងតំបន់ដែលពួកគេកំពុងរស់នៅ ។
លោក ផន សុធារ៉ា ជនជាតិដើមទំពួន នៅខេត្តរតនគិរី បានបង្ហាញអារម្មណ៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយចំពោះអង្គការសហប្រជាជាតិដែលបានបង្កើតការបកប្រែឯកសារដ៏មានសារប្រយោជន៍នេះសម្រាប់សហគមន៍ជនជាតិទំពួននៅកម្ពុជា ។
លោកបានបន្តទៀតថា ការបកប្រែសៀវភៅច្បាប់នេះនឹងជួយដល់ជនជាតិទំពួនឱ្យយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួនក្នុងសហគមន៍ទាំងមូល ដែលជាកត្តាមួយជួយជំរុញដល់ការរស់នៅកាន់តែប្រសើរក្នុងពេលខាងមុខ ។ គួរបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទចេញផ្សាយកាលពីឆ្នាំ២០២១ ដោយយោងតាមការកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ជនជាតិដើម គេសង្កេតឃើញមានជនជាតិដើមចំនួន ២២ ក្រុមនៅប្រទេសកម្ពុជា បើគិតជាចំនួន មានប្រហែលមួយសែនប្រាំបីមុឺន (១៨០ ០០០) នាក់ ស្មើនឹង ១.៣៤% នៃចំនួនប្រជាជនសរុប ។