អនុសេនីយ៍​យោធា​ការពារ​ព្រំដែន​វៀតណាម​បាញ់​ទាហាន​​គ្នា​ឯង​រួច​ធ្វើ​អត្តឃាត

RIPTV | ប្រធាន​ក្រុម​ចាត់ការ​ទូទៅ​ប៉ុស្តិ៍​ការពារ​ចក្រ​ព្រំដែន ប៊ិញ​ហៀប ខេត្ត​ឡុងអាន បាន​ផ្ទុះ​កាំភ្លើង​បណ្ដាល​ឲ្យ​របួស​យោធា​គ្នា​ឯង ៤ នាក់ រួច​បាន​ទប់ទល់​នឹង​កម្លាំង​អន្តរាគមន៍​ប៉ុន្មាន​ម៉ោង មុន​នឹង​បាញ់​សម្លាប់​ខ្លួន​ឯង ។

នាយ​ល្ងាច​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៩ លោក ង្វៀន វ៉ាន់​វូ ប្រធាន​ទីរួមខេត្ត​គៀនតឿន ខេត្ត​ឡុងអាន បាន​រ៉ាយរ៉ាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ នៅ​វេលា​ម៉ោង ៤ ល្ងាច អនុសេនីយ៍​ត្រី តា ក្វាង​ដាត ប្រធាន​ក្រុម​ចាត់ការ​ទូទៅ​ប៉ុស្តិ៍​ការពារ​ចក្រ​ព្រំដែន ប៊ិញ​ហៀប ដែល​កំពុង​បំពេញ​ការ​ងារ ក៏​ស្រាប់​តែ​ចូល​ក្នុង​ការិយាល័យ​យក​កាំភ្លើង​ម៉ាក «អាកា» ចេញ​មក​បាញ់​រះ​ទៅ​លើ​ទាហាន​គ្នា​ឯង បណ្ដាល​ឲ្យ​របួស ៤ នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​ជន​ស៊ីវិល ។

ក្នុង​ចំណោម​ជន​រងគ្រោះ​មាន ឧត្ដមសេនីយ៍​ត្រី វូ ហាវហៀប (អាយុ ៣៥ ឆ្នាំ) អនុប្រធាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចក្រ​ហៀបប៊ិញ ត្រូវ​របួស​ធ្ងន់ ដោយ​ត្រូវ​បាញ់​នៅ​បី​កន្លែង​គឺ ក្បាល ទ្រូង និង ដៃ ។ ក្រោយ​ពី​បាន​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ទីរួមខេត្ត​គៀនតឿង អស់​រយៈពេល ២០ នាទី ក៏​ស្លាប់​បាត់បង់ជីវិត​តែម្ដង ។

រីឯ​បុរស​ជា​ជនស៊ីវិល​ឈ្មោះ វូ កុងយ្វី (អាយុ ២២ ឆ្នាំ) ត្រូវ​វាយ​ដោយ​កាំភ្លើង​ជា​ច្រើន​កន្លែង ប៉ុន្តែ​គ្រាន់​តែ​ជាំ​សាច់​តែ​ប៉ុណ្ណោះ ពុំ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ ។

មន្ត្រី​យោធា​ពីរ​នាក់​ទៀត​ដែល​ត្រូវ​បាញ់​គឺ ហ្វាន៉ វ៉ាន់​ឡើយ (អាយុ ២៩ ឆ្នាំ) មាន​ស្នាម​របួស​នៅ​ភ្លៅ ហើយ​សង្ស័យ​ថា​មាន​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ក្បាល​នៅ​ឡើយ ម្នាក់​ទៀត​ឈ្មោះ ចឹន មិញ​ចៀត (អាយុ​ ៣៨ ឆ្នាំ) មាន​ស្នាម​របួស​ធំ​នៅ​កែង​ជើង​ឈ្វេង ។ មន្ត្រី​ពីរ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៧អា ក្រុង​ព្រៃនគរ ។

ក៏​តាម​ព័ត៌មាន​ពី​លោក​ប្រធាន​ទីរួមខេត្ត​ដដែល ក្រោយ​ពី​បាន​បាញ់​ទៅ​លើ​ទាហាន​គ្នា​ឯង ជន​ដៃដល់​បាន​បិទ​ទ្វារ​ប៉ុស្តិ៍​ដើម្បី​ទប់ទល់​នឹង​កម្លាំង​អន្តរាគមន៍​ជា​ច្រើន​ម៉ោង ក្រោយ​មក​ក៏​បាញ់​សម្លាប់​ខ្លួន​ឯង​ដើម្បី​បញ្ចប់​រឿង ។

ពាក់ព័ន្ធ នឹង​ករណី​នេះ វរសេនីយ៍ឯក ហ្វៀន ហួយភឿង មេបញ្ជាការ​រង​កង​ការពារ​ព្រំដែន​ខេត្ត​ឡុងអាន​បាន​ឲ្យ​ដឹង​ថា ៖ «ជន​ដៃដល់​មាន​រោគសញ្ញា​ជំងឺ​ផ្លូវ​ចិត្ត​ ប៉ុន្តែ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​នេះ គឺ​នៅ​កំពុង​បាន​ស្រាវជ្រាវ​នៅ​ឡើយ» ។

គួរ​បញ្ជាក់​ថា ទាំង​ជន​ដៃដល់ និង ជន​រងគ្រោះ​សុទ្ធ​តែ​ជា​ជនជាតិ​យួន​ដូច​គ្នា ។

No Comments Yet

Leave a Reply

Your email address will not be published.