
RIPVN | កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងនេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទខ្មែរក្រោមចំណុះជើងវត្ត «ឧត្ដុង្គមានជ័» កោះដូង ស្រុកហុងយឹន ខេត្តពលលាវ បានដាក់ញត្តិជូនស្ថាប័នកំពូលមួយចំនួនរបស់រដ្ឋាភិបាលវៀតណាម ស្នើសុំជំនួយដើម្បីស្ដារឡើងវិញនូវវត្ត «ងានថ្លៅ» (ឬ ហៅថាវត្ត សុខិតមុនី) ដែលជាវត្តបុរាណរបស់ខ្មែរក្រោម ត្រូវកម្ទេចដោយសារតែសង្គ្រាមវៀតណាម ។
ខ្លឹមសារញត្តិបានបញ្ជាក់ថា ខេត្តសុខិតមុនី ដែលយួនហៅថា វត្ត «បោហ៊ុក» ត្រូវបានកសាងឡើងកាលឆ្នាំ ១៤៨២ គ្រិះសករាជ នៅទីតាំងដែលសព្វថ្ងៃជាភូមិតាបែង ឃុំនិញហួរ ស្រុកង៉ានយឿ ខេត្តពលលាវ ។
ក្នុងសង្គ្រាមវៀតណាម ស្រុកកោះដូងនិយាយរួម ជាសមរភូមិប្រយុទ្ធរបស់ពួកយួនកុម្មុយនិស្ត និង យួនសេរី ។ នៅពេលសង្គ្រាមឡើងកំដៅបំផុត (ពីឆ្នាំ១៩៦២ ដល់ ឆ្នាំ១៩៧៥) ប្រជាជនខ្មែរក្រោមនៅកោះដូង និយាយរួម និង នៅចំណុះជើងវត្តសុខិតមុនីដោយឡែកត្រូវភៀសខ្លួនពីសង្គ្រាម (រត់សឹក) ហើយ វត្តក៏ត្រូវរុះរើ យកសសរទៅផ្ញើនៅឯ វត្តពោធិវណ្ណវង្សាកាយរន្តខាងកើត (វត្ត កាយរន្ត) ដែលសព្វថ្ងៃជាភូមិកាយរន្ត ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ។
ក្រោយឆ្នាំ១៩៧៥ រដ្ឋអំណាចយួនកុម្មុយនិស្ត បានសាងសង់ទីស្នាក់ការឃុំនៅលើខឿនដីវត្ត ក្រោយមកក៏បានរុះរើដោយសារតែមានការបែងចែកភូមិភាគរដ្ឋបាល ហើយឲ្យសង់សាលារៀនជំនួសវិញ ។
ក៏តាមខ្លឹមសារនៃញត្តិដដែល ដោយសារតែទីអារាមចាស់នៅសេសសល់វត្ថុតាំងជាច្រើនដូចជាដើមពោធិ និង ចេតិយចំនួនពីរ ដូច្នោះ ពេលដែលសង្គ្រាមបានបញ្ចប់ ពួកគេក៏ត្រឡប់មកបន្តពិធីបុណ្យទានតាមបែបសាសនានៅទីតាំងនេះ ។
ដល់ឆ្នាំ ២០០៨ មន្ត្រីដែនដីមួយចំនួនបានចែកដីនេះ លក់ ប៉ុន្តែដោយសារតែមានការតវ៉ាពីប្រជាជនខ្មែរក្រោម រដ្ឋមិនបានប្រគល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លីជូនបុគ្គលទាំងអស់នេះឡើយ ។ (វៀតណាមគ្មានកម្មសិទ្ធិឯកជនលើដីធ្លីនោះទេ)
ប៉ុន្តែ ដល់ឆ្នាំ២០១២ អាជ្ញាធរខេត្តពលលាវ បានប្រកល់សិទ្ធិប្រើប្រាស់ទីដីនេះជូនការិយាល័យអប់រំ និង បណ្ដុះបណ្ដាល ស្រុកហុងយឹន ដើម្បីសាងសង់សាលារៀន ដោយមិនបានពិភាក្សានឹងប្រជាជនខ្មែរក្រោមឡើយ ។
ក៏តាមខ្លឹមសារនៃញត្តិនេះ ដោយសារតែចង់រក្សាទីសក្ការៈមួយនេះ ប្រជាជនខ្មែរប្រមាណ ៥០០ គ្រួសារ និង ព្រះសង្ឃខេត្តឧត្ដុង្គមានជ័យកោះដូង ធ្វើការជួសជុលឡើងវិញចេតិយបុរាណពីរ ប៉ុន្តែត្រូវបានថ្នាក់ដឹងនាំសាលារៀនរារាំងមុនឲ្យធ្វើការជួសជុល ។
មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្រៀន និង សិស្សសាលានេះ (ដែលជាជនជាតិយួន) បានប្រមូលសំរាមចាក់ចូលក្នុងចេតិយ ដែលជាវត្ថុសក្ការៈរបស់ខ្មែរ បណ្ដាលឲ្យមានការខឹងសម្បារពីពុទ្ធបរិស័ទនៅតំបន់នេះ ។
ញត្តិនេះត្រូវបានចុះហត្ថលេខាដោយព្រះតេជព្រះគុណ យ៉ាញ់ យៀវ ព្រះប្រធានសង្ឃវត្តកោះដូង និង គណៈកម្មការវត្ត តំណាងឲ្យប្រជាជនខ្មែរក្រោមប្រមាណ ៥០០ គ្រួសារផ្ញើទៅ ការិយាល័យរដ្ឋាភិបាល គណៈកម្មាធិការជនជាតិ (នៃរដ្ឋាភិបាល) គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម និង នាយកដ្ឋានតំបន់៣ (ជាស្ថាប័នទទួលបន្ទុកលើបញ្ហា «ជនជាតិភាគតិច» នៅបណ្ដាលខេត្តដែនសណ្ដទន្លេមេគង្គ ជំនួសឲ្យគណៈចង្អុលការតៃណាមបូ ដែលត្រូវបានបក្សកុម្មុយនិស្តវៀតណាមរំលាយចោល) ។
រហូតដល់ពេលនេះ នៅពុំទាន់មានប្រតិកម្មអ្វីពីស្ថាប័នរដ្ឋប៉ុន្មានខាងលើនោះទេ ។
ទោះជាយ៉ាងណាក្ដី វាជាប្រពៃណីយើង រដ្ឋអំណាចវៀតណាមគ្រប់ជាន់ថ្នាក់ មិនអើពើចំពោះការតវ៉ារបស់ជនជាតិដើមទាំងឡាយ ។
មិនត្រឹមតែមិនទទួលស្គាល់នូវភាពអយុត្តិធម៌ទាំងឡាយ រដ្ឋអំណាចវៀតណាមតែងតែចោទប្រកាន់អ្នកតវ៉ាជាក្រុមប្រឆាំង ត្រូវ «ការញុះញង់ បោកបញ្ឆោតពីក្រុមអមិត្ត ដើម្បីបង្កអស្ថិរភាពសង្គម» ។
មិនដឹងថាញត្តិរបស់ជនជាតិខ្មែរក្រោមដែលត្រូវយួនចាត់ទុកថា «ជនជាតិភាគតិច» មានទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដែលឬទេ ឬ មួយពួកគេនឹងត្រូវចោទថា «ពួកប្រឆាំង» ហើយត្រូវរងការគាបសង្កត់ ធ្វើទុក្ខបុកម្នេញកាន់តែសាហាវជាងទៀតនៅពេលខ្លីៗ ខាងមុននេះ ។
យ៉ាញ់តាយ ប្រែសម្រួលដោយ សឺន រដ្ឋា