ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម ៖ ជនជាតិ​ដើម​កាន់​តែ​ក្រ

ជនជាតិ​ដើម​នៅ​ប្រទេស​វៀតណាម​សព្វថ្ងៃ ក្រីក្រ​រក​អ្វី​ហូប​ពុំ​មាន

RIPVN | ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម លោក ហ្វាំ ប៊ិញមិញ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ ក្នុង​វេន​ឆ្លើយឆ្លង​ជា​មួយ​នឹង​តំណាង​រដ្ឋសភា​វៀតណាម​ស្ដី​ពី​ការ​ធានា​សន្តិសុ​ខសង្គម​នៅ​តំបន់​ក្រលំបាក តំបន់​ព្រំដែន ជនជាតិ​ភាគតិច​កាល​ពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០១៩​ នៅ​វិមាន​រដ្ឋសភា​វៀតណាម ទីក្រុង​ហាណូយ ។

តាម​មេដឹកនាំ​វៀតណាម​រូប​នេះ នា​ពេល​បច្ចុប្បន្ន វៀតណាម​មាន​កម្មវិធី​ចំនួន ១១៨ កំពុង​អនុវត្ត​ក្នុង​តំបន់​ជនជាតិ​តំបន់​ភ្នំ ក្នុង​នោះ មាន​គោលនយោបាយ ៥៤ ដែល​ផ្ដល់​ប្រយោជន៍​ផ្ទាល់​ដល់​ជនជាតិ​ដើម គោលនយោបាយ​ ៦៤ មាន​គោលដៅ​រួម ប៉ុន្តែ​ផ្ដល់​អនុភាព​ដល់​ជនជាតិ​ដើម និង កម្មវិធី ២១ ដែល​មាន​គោលដៅ​ជះ​ឥទ្ធិពល​ដល់​ជនជាតិ​ តំបន់​ភ្នំ ដោយ​ប្រយោល ។

ទោះ​យ៉ាង​ណា​ក្ដី មេ​ដឹកនាំ​រដ្ឋអំណាច​វៀតណាម​រូប​នេះ ក៏​បាន​សារភាព​ថា ករណី​ដែល​ជនជាតិ​ដើម​មិន​មាន​ដីធ្លី​សម្រាប់​បង្កបង្កើត​ផល​ដំណាំ ដី​សង់​ផ្ទះ និង ទឹក​ស្អាត​ប្រើប្រាស់ នៅ​មិន​ទាន់​បាន​​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។

យោង​តាម​លោក ហ្វាំ ប៊ិញមិញ​ ដដែល អត្រា​ជន​ក្រីក្រ​ដែល​ជា​ជនជាតិ​ដើម​កាន់​តែ​កើន​ឡើងជា​លំដាប់ គំលាត​​អ្នក​មាន អ្នក​ក្រ រវាង​ជនជាតិ​ដើម និង ជនជាតិ​យួន កាន់​តែ​ធំ​ឡើយ ។ ពោល​គឺ ជនជាតិ​យួន​នៅ​ទូទាំង​ប្រទេស​វៀតណាម​កាន់​តែ មាន​ឡើង រី​​ឯ​ជនជាតិ​ដើម​ទាំងឡាយ កាន់​តែ​ក្រ​ទៅៗ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ លោក​ឧបនាយករដ្ឋមន្ត្រី​ហាណូយ​​មួយ​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ដើម​នៅ​វៀតណាម​ត្រូវ​ប្រឈម​មុន​នឹង​វិបត្តិ​ជា​ដើម​ដោយ​សារ​តែ​ពុំ​មាន​លិខិត​ស្នាម​អត្រានុកូលដ្ឋាន ដូច​ជា​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជា​ដើម ។

នៅ​ប្រទេស​វៀតណាម មិន​មាន​ឯកសារ​អត្រានុកូលដ្ឋាន បណ្ដាល​ឲ្យ​ជីវភាព​​ជនជាតិ​ដើម​កាន់​តែ​លំបាក​ជាង ដោយ​សារ​តែ​ពួក​គេ​មិន​អាច​សុំ​បាន​ការងារ​ធ្វើ មិន​អាច​ទិញ​បាន​យានយន្ត ឬ ផ្លាស់ប្ដូរ​ទីលំនៅ​ រហូត​​ដល់​មិន​អាច​ទៅ​រៀន​បាន​ឡើយ ដោយសារ​​តែ​តម្រូវការ​ចាំបាច់​ត្រូវ​តែ​មាន​​ឯកសារ​អត្រានុកូលដ្ឋាន ។

តាម​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​វៀតណាម ក្នុង​មួយ​ឆ្នាំៗ មាន​គម្រោង​អន្តរជាតិ​ចំនួន​ប្រមាណ ២០០០ បាន​អនុវត្ត និង ដំណើរការ​នៅ​ប្រទេស​វៀតណាម​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​ដើម ប៉ុន្តែ ជា​ការ​ជាក់ស្ដែង ជនជាតិ​ដើម​ទាំងឡាយ​នៅ​វៀតណាម ពុំ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​ទាំងអស់​នោះ​ឡើយ ។

លោក សឺន ស៊ីវត្ថា តំណាង​ឧត្ដម​ក្រុមប្រឹក្សា​ជនជាតិ​ដើម​ប្រចាំ​អឺរ៉ុប បាន​ឲ្យ​សន្និដ្ឋាន​ថា ករណី​នេះ​មក​ពី​គម្រោង​ដែល​វិនិយោគ​មក​ប្រទេស​វៀតណាម​ទាំងឡាយ​ត្រូវ​ឆ្លង​កាត់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដើម្បី​ចាត់​ចែង នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​មន្ត្រី​ពុករលួយ​វៀតណាម​កិបកេង ហើយ​ចំនួន​ថវិកា​ដែល​នៅ​សេសសល់​តិចតួច ពួក​គេ​បាន​យក​ទៅ​អភិវឌ្ឍ​តំបន់​ដែល​ជនជាតិ​យួន​រស់​នៅ ។

ជនជាតិ​ដើម ដែល​ជា​គោលដៅ​នៃ​គម្រោង​អន្តរជាតិ​ទាំងឡាយ​នេះ ពុំ​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ ។

No Comments Yet

Leave a Reply

Your email address will not be published.